(អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេចោទថា ជាមនុស្សអើសអើងពូជសាសន៍ ក្រោយពីបានសរសេរសារមួយ លើបណ្តាញទំនាក់ទំនងសង្គម Twitter ដោយបានវាយប្រហារមកលើសមាជិកសភាមួយក្រុម មកពីគណបក្សប្រជាធិបតេយ្យ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នាល្ងាចថ្ងៃច័ន្ទ ទី១៥ ខែកក្តដា ឆ្នាំ២០១៩នេះ។
សម្តីរបស់លោក ដូណាល់ ត្រាំ ដែលកំពុងបង្កប្រតិកម្មធ្ងន់ៗពីសាធារណមតិនោះគឺ «...បើខ្លាំងណាស់ហេតុអ្វីបានជាពួកគេ មិនព្រមត្រឡប់ទៅប្រទេសដើមរបស់គេវិញទៅ ហើយជួយដោះស្រាយបញ្ហា ដែលកំពុងដែរញាំញីនៅឯណោះមើល ហើយបើបានដោះស្រាយរួចហើយ ចាំត្រលប់មកវិញប្រាប់ពួកយើងផងថា ត្រូវធ្វើយ៉ាងមេច!...»។
បើទោះបីជាលោក ដូណាល់ ត្រាំ មិនបានបង្ហើបឈ្មោះឲ្យដឹង ក៏គេអាចដឹងបានដែរថា គឺសំដៅទៅក្រុមសមាជិកសភា ០៤រូប គឺលោកស្រី អាហ្សង់ឌ្រា អូកាស៊ីយ៉ូ (Alexandria Ocasio-Cortez) មកពីរដ្ឋញូវយ៉ក, លោកស្រី អ៊ីលហាន អូម៉ារ (Ilhan Omar) មកពីរដ្ឋមីនីសូតា, លោកស្រី អាយ៉ានណា ប្រ៊ែសស្លេយ (Ayanna Pressley) មកពីរដ្ឋ ម៉ាសាឈូសេត និង រ៉ាស៊ីដា ថ្លេប (Rashida Tlaib) មកពីរដ្ឋមីឈីហ្គេន (Michigan)។
បីរូបក្នុងចំណោមពួកគេបានកើត និងធំដឹងក្តីនៅសហរដ្ឋអាមេរិក ខណៈមួយរូបទៀត ជាជនអន្តោរប្រវេសន៍ ដែលបានមករស់លើទឹកដីអាមេរិកតាំងពីតូច។ ជាការឆ្លើយតបវិញ សមាជិកសភាទាំង ០៤រូបនោះបានហៅលោក ដូណាល់ ត្រាំ ជាប្រធានាធិបតី ប្រកាន់ពូជសាសន៍។ ការប្រកាន់ពូជសាសន៍ គឺជាជំងឺធំមួយក្នុងសហរដ្ឋអាមេរិក ដែលសង្គមប្រជាធិបតេយ្យមួយនេះ បានព្យាយាមលុបបំបាត់រាប់សតវត្សរ៍មកហើយ ចេញពីផ្នត់គំនិតរបស់ពលរដ្ឋ និងជាពិសេសអ្នកនយោបាយ នោះគឺបញ្ហារសើបរវាងសាសន៍ស និងខ្មៅ។
គួរបញ្ចាក់ថា ខណៈដែលមានប្រតិកម្មប្រឆាំងយ៉ាងកុះករ ពីសំណាក់តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ តំណាងរាស្រ្តគណបក្សសាធារណរដ្ឋឯណោះវិញ បានរក្សាភាពស្ងប់ស្ងាត់ល្អណាស់ ចំពោះករណីនេះ៕