(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អាចនឹងចេញអាជ្ញាបណ្ណឲ្យក្រុមហ៊ុនអាមេរិក ចាប់ផ្តើមលក់សម្ភារៈបច្ចេកវិទ្យាខ្លះៗ ដែលមិនប៉ះពាល់ដល់សន្តិសុខជាតិ ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ឡើងវិញ ក្នុងរយៈពេល២ទៅ៤សប្តាហ៍ខាងមុខ។ នេះបើតាមប្រភពព័ត៌មានមន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។
ដំណឹងខាងលើបានលេចឡើង បន្ទាប់ពីប្រធានក្រុមហ៊ុន Huawei ទើបតែបានលើកឡើងថា Huawei កំពុងរង់ចាំមើលលទ្ធផលនៃពាក្យសន្យារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅជប៉ុន កាលពីខែមិថុនាកន្លងទៅដែលបានថ្លែងថា លោកនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកនានា លក់សម្ភារៈ-បរិក្ខាបច្ចេកវិទ្យាមួយចំនួនទៅឲ្យ Huawei ឡើងវិញ ប្រសិនបើសម្ភារៈទាំងនោះ ពុំប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់អាមេរិក។
គួរជម្រាបថា នៅឆ្នាំ២០១៨ ក្នុងចំណោមលុយប្រមាណ ៧០ពាន់លានដុល្លារ ដែលក្រុមហ៊ុន Huawei បានចំណាយទិញគ្រឿងបន្លាស់បច្ចេកវិទ្យាផ្សេងៗ ប្រមាណ១១ពាន់លានដុល្លារ បានហូរចូលក្នុងហោប៉ៅក្រុមហ៊ុនអាមេរិក រួមមានក្រុមហ៊ុនផលិតបន្ទះ ឈីប Qualcomm, Intel, និង Micron Technology ជាដើម ហើយបើសិនជាទណ្ឌកម្មក្នុងបញ្ជីខ្មៅ ត្រូវបានអនុវត្តន៍វិញនោះ ក្រុមហ៊ុនអាមេរិកទាំងនេះនឹងរងការខាតបង់៕