Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សម្នាក់ស្លាប់ និងរាប់រយនាក់ត្រូវជម្លៀស ក្រោយគ្រោះរញ្ជួយដី ៧.៣រ៉ិចទ័រ វាយប្រហារ លើកោះ Maluku ប្រទេសឥណ្ឌូណេស៊ី

15-07-2019 13:55

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានឱ្យដឹងថាមនុស្សម្នាក់បានស្លាប់ និងរាប់រយនាក់ ផ្សេងទៀត ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ វាយប្រហារកោះដាច់ស្រយាល Maluku នៃភាគខាងកើតប្រទេស កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារឃ្លំាមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារតំបន់នៅចំងាយ ១៦៥គីឡូម៉ែត្រ ពីភាគនិរតី ទីក្រុង Ternate នៃខេត្ត Maluku ខាងជើង នៅម៉ោង ៦៖២៨នាទីល្ងាច កាលពីថ្ងៃអាទិត្យ។

គួរជម្រាបថា ឥណ្ឌូណេស៊ី មានទីតាំងស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលជាហេតុ ធ្វើឱ្យប្រទេសមួយនេះជួបគ្រោះរញ្ជួយដីធ្ងន់ធ្ងរជាញឹញប់។ ជាក់ស្ដែង កាលពីឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Palu នៅលើកោះ Sulawesi ដោយផ្ដាច់ជីវិតមនុស្សច្រើនជាង ២,២០០នាក់៕