(អង់ការ៉ា)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានសិទ្ធិអំណាចលើកលែងការ ដាក់ទណ្ឌកម្មប្រឆាំងនឹងតួកគីជុំវិញការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ហើយគួរតែស្វែង រកចំណុចរួមមួយរបស់ដោះស្រាយជម្លោះបច្ចុប្បន្ន។ នេះបើតាមសម្តីលោក អឺដូហ្គាន់ ដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។
ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានធ្វើការក់តសម្គាល់បែបនេះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកកាលពីថ្ងៃអាទិត្យ និងតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីតួកគី ទទួលបានបរិក្ខា S-400 ដំបូងពីទីក្រុងម៉ូស្គូ។ លោក អឺដូហ្គាន់ បានលើកឡើងយ៉ាងដូច្នេះថា «តាមការពិតលោក ត្រាំ ទៅវិញទេដែលជាអ្នកត្រូវការស្វែងរកចំណុចរួមមួយ... ហើយលោកតែម្នាក់គត់ដែលមានសិទ្ធិអំណាច លើកលែងការដាក់ទណ្ឌកម្មប្រឆាំងតួកគី»។ លោក អឺដូហ្គាន់ បានសង្កត់ធ្ងន់ថា ការទិញប្រព័ន្ធមីស៊ីល S-400 មិនមែនចង់បង្ហាញថា តួកគីកំពុងចង់ធ្វើសង្រ្គាមជាមួយអ្នដទៃនោះឡើយ ប៉ុន្តែវាគ្រាន់តែមធ្យោបាយ ធានាការពារសន្តិភាព និងសន្តិសុខជាតិតួកគីតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ច្បាប់ដាក់ទណ្ឌកម្ម ដាក់ទណ្ឌកម្មលើបណ្ដាប្រទេសដែលទិញអាវុធពីរុស្ស៊ី នឹងត្រូវអនុវត្តន៍ ហើយលោកក៏ជឿជាក់ផងដែរថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏នឹងអនុវត្តន៍ច្បាប់នេះដែរ។ មន្ត្រីអាមេរិកធា្លប់បានព្រមានដកតួកគី ចេញពីគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងបំបាយកាយ F-35 ព្រមទាំងដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើសិនជាតួកគីមិនព្រមលុបចោលការទិញ S-400 ពីរុស្ស៊ី។
សម្រាប់កត្តាធំចម្បងមួយ ដែលធ្វើឲ្យតួកគីសម្រេចចិត្តទិញប្រព័ន្ធការពារមីស៊ីលទំនើបចុងក្រោយ S-400 ពីប្រទេសរុស្ស៊ីនោះ គឺតម្លៃរបស់វាតែម្តង ដែលពិតជាថោកឆ្ងាយណាស់ ប្រៀបធៀបនឹង ប្រព័ន្ធការពារមីស៊ីល Patriot របស់សហរដ្ឋអាមេរិក ហើយដោយឡែកគុណភាពរបស់វាវិញ គឺអាចការពារដែនអាកាសបានយ៉ាងប្រសើរបំផុត មិនចាញ់គ្នាប៉ុន្មានឡើយ៕