(ដាកា)៖ បាតុករបង់ក្លាដែសរាប់សិបនាក់ បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តភ្លាមៗរបស់រដ្ឋាភិបាលបង់ក្លាដែស ក្នុងការដំឡើងថ្លៃឧស្ម័នធម្មជាតិខ្ពស់ខុសពីធម្មតា។ ប្រការនេះបានបង្កឲ្យមានការប៉ះទង្គិកគ្នារវាងបាតុករ ជាមួយមន្ត្រីប៉ូលីស កាលពីថ្ងៃអាទិត្យសប្តាហ៍មុខនេះ នៅក្នុងរដ្ឋធានីដាកាផ្ទាល់តែម្តង។ នេះបើយោងតាមចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។
កាលពីខែមិថុនា គណៈកម្មការគ្រប់គ្រងថាមពលបង់ក្លាដែសបានប្រកាសថា ខ្លួននឹងដំឡើងថ្លៃឧស្ម័នធម្មជាតិ ៣២.៨% បន្ថែមទៀតសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ចាប់ពីថ្ងៃទី០១ ខែកក្តដា ដែលជាថ្ងៃដំបូងនៃឆ្នាំសារពីពន្ធរបស់ប្រទេសនេះ។ ជាការឆ្លើយតប ក្រុមសម្ព័ន្ធប្រជាធិបតេយ្យបែបឆ្វេងនិយមហៅកាត់ថា LDA ដែលបានរៀបចំបាតុកម្មតវ៉ានេះ បានរៀបចំក្បួនតវ៉ា ហើយជាលទ្ធផលយ៉ាងហោចណាស់សមាជិករបស់ LDA ចំនួន ១៥នាក់បានរងរបួសក្នុងការប្រឈមមុខជាមួយប៉ូលីស។
បើតាមសម្តីសមាជិកម្នាក់របស់ LDA បាននិយាយថា «យើងបានព្យាយាមដើរទៅកាន់ទីស្នាក់ការរបស់ក្រសួងថាមពល ដើម្បីលើកឡើងនូវការព្រួយបារម្ភរបស់យើង ចំពោះបញ្ហានៃការឡើងថ្លៃប្រេងឥន្ធនៈ ប៉ុន្តែប៉ូលិសបានធ្វើការរារាំង និងបានប៉ះទង្គិតគ្នាជាមួយពួកយើង»។ ដោយឡែក ខាងភាគីប៉ូលីសវិញបាននិយាយថា មន្រ្តីប៉ូលីសគ្រាន់តែបានព្យាយាមរារាំងក្រុមអ្នកតវ៉ាកុំឱ្យឆ្លងរបាំងប៉ុណ្ណោះ ហើយថាគ្មាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នោះទេ»។
គួររំលឹកការថ្លែងពីសំណាក់នាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី ហ្សេក ហាស៊ីណា (Sheikh Hasina) កាលពីសប្តាហ៍មុនថា ការដំឡើងថ្លៃហ្គាស គឺជាកត្តាចាំបាច់ណាស់ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រទេសជាតិ ដែលកំពុងជួបប្រទះនូវឱនភាព៕