(ញូដេលី)៖ ការបាញ់បង្ហោះយានរុករកទី២ ឈ្មោះ Chandrayaan-2 ទៅកាន់ឋានព្រះច័ន្ទ របស់រដ្ឋាភិបាលឥណ្ឌា ត្រូវបានលុបចោលភ្លាមៗ ដោយសារតែបញ្ហាបច្ចេកទេស។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។
ការរាប់ថយក្រោយនៃការបង្ហោះយានរុករក Chandrayaan-2 ត្រូវបានបញ្ឈប់នៅត្រឹមនាទីទី៥៦ ក្រោយទីភ្នាក់ងារអវកាសឥណ្ឌា រកឃើញបញ្ហាបច្ចេកទេសនៅប្រព័ន្ធបាញ់បង្ហោះ យានមួយនេះ។ យាន Chandrayaan-2 ត្រូវបានគេគ្រោងទុកបាញ់បង្ហោះនៅម៉ោង០២៖៥១នាទីទាបភ្លឺឈានចូលថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់) ចេញពីស្ថានីយអវកាស Sriharikota ដែលស្ថិតនៅតំបន់ឆ្នេរភាគខាងកើតប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារអវកាសឥណ្ឌា កាលបរិច្ឆេទបាញ់បង្ហោះយាន Chandrayaan-2 មានតម្លៃជាង១៥០លានដុល្លារ នឹងត្រូវកំណត់ជាថ្មីក្នុងពេលឆាប់ៗនេះ ជាមួយក្ដីរំពឹងថាវាអាចនឹងចុះចតលើប៉ូលខាងត្បូងនៃឋានព្រះចន្ទ ដើម្បីធ្វើការសិក្សាស្រាវជ្រាវពីផ្ទៃព្រះចន្ទ ក៏ដូចជាការរុករកប្រភពទឹក សារធាតុរ៉ែ និងបាតុភូតរញ្ជួយដីលើឋានព្រះចន្ទ ជាដើម។
បើសិនជាជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសទីបួននៅលើពិភពលោក ដែលអាចចុះចត នៅលើផ្ទៃឋានព្រះច័ន្ទ ដោយជោគជ័យ បន្ទាប់ពីសហរដ្ឋអាមេរិក ចិន និងអតីតសហភាពសូវៀត (រុស្ស៊ី)៕