(ដាកា)៖ អតីតប្រធានាធិបតីបង់ក្លាដែស លោក Hussain Muhammad Ershad បានទទួលមរណភាព កាលពីព្រឹកថ្ងៃសៅរ៍នេះ នៅវ័យ៨៩ឆ្នាំ ក្រោយពីស្នាក់នៅមន្ទីរពេទ្យក្នុងរដ្ឋធានីដាកា អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩។
នាថ្ងៃអាទិត្យនេះ យោធាបង់ក្លាដែសបានប្រកាសឲ្យដឹងថា លោក Ershad ដែលបានដឹកនាំប្រទេសបង់ក្លាដែស ចាប់ពីឆ្នាំ១៩៨២ដល់ឆ្នាំ១៩៩០ បានទទួលមរណភាព នៅឯមន្ទីរពេទ្យយោធា CMH ក្នុងទីក្រុងដាកា។ លោក Ershad ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ CMH តាំងតែពីថ្ងៃទី២៦ ខែមិថុនា និងបានបន្តស្ថិតក្រោមការទ្រទ្រង់ដោយឧបករណ៍រក្សាជីវិតរហូតមក ស្របពេលភាពសុខភាពលោកចុះទ្រុធទ្រោមកាន់តែខ្លាំង។
គួរជម្រាបថា លោក Hussain Ershad កាលពីឆ្នាំ១៩៨២ ដែលកាលនោះ លោកមានតួនាទីជាប្រមុខកងទ័ពបង់ក្លាដែស បានឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារមិនបង្ហូរឈាមមួយ ក្រោយបណ្តេញរដ្ឋាភិបាលស្របច្បាប់។ ក្រោយមកនៅឆ្នាំ១៩៩០ លោក Ershad ក៏បានធ្លាក់ពីអំណាច ក្នុងចលនាគាំទ្រប្រជាធិបតេយ្យមួយ ដែលបានងើបបះបោរ ហើយលោកត្រូវបានគេចាប់ដាក់ពន្ធនាគារពីបទពុករលួយ៕