គ្រោះរញ្ជួយដីកម្រិត៦.៦រ៉ិចទ័រវាយប្រហារដែនសមុទ្រ ភាគពាយ័ព្យប្រទេសអូស្រ្តាលី
14-07-2019 13:51
(ស៊ីដនី)៖ យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយដីមួយកម្រិត៦.៦រ៉ិចទ័រ បានវាយប្រហារ ដែនសមុទ្រភាគពាយ័ព្យប្រទេសអូស្រ្តាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល ថ្ងៃអាទិត្យទី១៤ ខែកក្កដា ឆ្នាំ២០១៩។
ទីភ្នាក់ងារ USGS បានឲ្យដឹងថា ចំណុចរំញ័រនៃរញ្ជួយដីខាងលើ ស្ថិតនៅផ្ទៃមហាសមុទ្រឥណ្ឌា ចម្ងាយប្រមាណ២០៩គីឡូម៉ែត្រ ភាគនិរតីក្រុង Broome ដែលត្រូវនឹងភាគខាងជើងរដ្ឋអូស្រ្តាលីខាងលិច ហើយមានជម្រៅ១០គីឡូម៉ែត្រពីខាងក្រោមបាតសមុទ្រ។ ភ្លាមៗបែបនេះ មិនទាន់ឃើញសេចក្តីរាយការណ៍ថា វាបានបង្កឲ្យមានមនុស្សរងគ្រោះ ឬការខូចខាតក្នុងទំហំណាមួយនៅឡើយទេ ខណៈក៏ពុំមានរលកយក្សកើតចេញពីបាតុភូតនេះដែរ។
គួរជម្រាបថា គ្រោះរញ្ជួយផែនដីកម្រិតលើសពី៦.០រ៉ិចទ័រឡើងទៅ ត្រូវគេចាត់ទុកជា រញ្ជួយដីកម្រិតធ្ងន់ ដែលអាចបង្កការបំផ្លិចបំផ្លាញខ្លាំង នៅតាមតំបន់ទីប្រជុំជន ហើយជាទូទៅតែងជះឥទ្ធិពលរំញ័ររាប់រយគីឡូម៉ែត្រ សាយភាយចេញពីចំណុចកណ្តាលរបស់វា៕