(អាមេរិក)៖ ព្យុះត្រូពិច Barry នាថ្ងៃសៅរ៍សប្តាហ៍នេះ បានបោកបក់ចូលមកដល់បណ្តោយឆ្នេរនៃរដ្ឋ Louisiana សហរដ្ឋអាមេរិក រួមជាមួយទឹកភ្លៀងយ៉ាងខ្លាំងជោគជាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមមជ្ឈមណ្ឌលជាតិតាមដានព្យុះរបស់អាមេរិក ក្រោយពីបានបង្កើនឥទ្ធិពលមួយភ្លែតក្លាយជាព្យុះហឺរីខេនកម្រិតទីមួយ Barry បានថយចុះថាមពលមកនៅត្រឹមព្យុះត្រូពិចដូចដើមវិញ នៅពេលវាបានធ្វើដំណើរមកដល់រដ្ឋ Louisiana ក្បែរទីក្រុង Intracoastal City ដែលស្ថិតនៅចម្ងាយប្រមាណជា២៥៧គីឡូម៉ែត្រ ភាគខាងលិចទីក្រុង New Orleans ដែលជាកន្លែងធ្លាប់រងគ្រោះធ្ងន់ធ្ងរ ដោយសារព្យុះហឺរីខេនឈ្មោះថា Katrina កាលពីឆ្នាំ២០០៥។
គួរជម្រាបថា ការមកដល់នៃព្យុះត្រូពិច Barry បានបង្ខំឲ្យអាកាសយានដ្ឋានរបស់ New Orleans ដែលជាទីក្រុងធំជាងគេប្រចាំរដ្ឋ Louisiana ផ្អាករាល់ជើងហោះហើរចេញនិងចូលទាំងអស់ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានអាជ្ញាធរជម្លៀសចេញពីផ្ទះសម្បែង និងរាប់សែននាក់ត្រូវបាត់បង់ថាមពលអគ្គិសនី។
ព្យុះត្រូពិច Barry កំពុងធ្វើដំណើរយ៉ាងយឺតជាមួយកម្លាំងខ្យល់ជិត១០០គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងការធ្លាក់ភ្លៀងយ៉ាងខ្លាំង។ ការព្យាករបានឲ្យដឹងថា Barry នឹងបន្តបោកបក់ឆ្លងកាត់ភាគកណ្តាលអាមេរិក ឆ្ពោះទៅរកទីក្រុង Chicago នៃរដ្ឋ Illinois។ មុនការមកដល់របស់ព្យុះត្រូពិច Barry រដ្ឋ Louisiana និង Mississippi សុទ្ធតែបានប្រកាសដាក់រដ្ឋក្នុងគ្រាសអាសន្នរួចជាស្រេច ដើម្បីត្រៀមខ្លួនទុកមុន៕