(នេប៉ាល់)៖ គ្រោះទឹកជំនន់ និងរអិលបាក់ដី នៅក្នុងប្រទេសនេប៉ាល់ ដែលបង្កឡើងដោយភ្លៀង មូសុង បានផ្ដាច់ជីវិតមនុស្ស១៥នាក់ និង១២នាក់ទៀតរងរបួស ខណៈមនុស្ស១៨នាក់បាត់ខ្លួន កាលពីយប់ថ្ងៃសុក្រ។ នេះបើតាមក្រុមមន្ត្រីនេប៉ាល់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។
ក្រុមមន្ត្រីនេប៉ាល់ នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងទៀតថា ការរកឃើញសាកសពជនរងគ្រោះទាំង ១៥នាក់ខាងលើ បានធ្វើឱ្យចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃព្រហស្បតិ៍មក កើនដល់៣០នាក់។
គួរជម្រាបថា រដូវភ្លៀងមូសុងប្រចាំឆ្នាំ នៅក្នុងប្រទេសនេប៉ាល់ ចាប់ផ្ដើមពីខែមិថុនា រហូតដល់ ខែកញ្ញា ហើយជារឿយ២ គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ក៏តែងតែកើតឡើងផងដែរ នៅក្នុងរដូវនេះ៕