(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្ស័ង (Geng Shuang) បានប្រកាសឱ្យដឹងថារដ្ឋាភិបាល ទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ដែលលក់អាវុធមានតម្លៃជាង២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់៕
២៖ យោធាអង់គ្លេសបានសម្រេចចិត្ត បញ្ជូននាវាចម្បាំងមួយគ្រឿងបន្ថែមទៀត ទៅកាន់តំបន់ក្បែរច្រកសមុទ្រ ហ័រមូស (Hormuz) បន្ទាប់ពីបានអះអាងថា ទូកឆ្មាំអ៊ីរ៉ង់ជាច្រើនគ្រឿងបានឡោមព័ទ្ធកប៉ាល់ដឹកប្រេង អង់គ្លេសមួយគ្រឿង៕
៣៖ អាជ្ញាធរហ្វីលីពីន បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៥នាក់ រងរបួសហើយផ្ទះជាច្រើនខ្នងរងការ ខូចខាត ក្រោយគ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រ វាយប្រហារលើ កោះ Mindanao ភាគខាងត្បូងនៃប្រទេស៕
៤៖ យ៉ាងហោចណាស់មនុស្ស ២៦នាក់បាត់បង់ជីវិត និង៥៦នាក់ទៀតរងរបួស នៅក្នុងករណីបំផ្ទុះគ្រាប់បែក យ៉ាងកក្រើក នៅក្នុងសណ្ឋាគារមួយកន្លែងនៃទីក្រុងកំពង់ផែ គីសម៉ាយ៉ូ (Kismayo) ភាគខាងត្បូងប្រទេសសូម៉ាលី កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅរដ្ឋធានីម៉ូហ្គាឌីស៊ូ)៕
៥៖ យោងតាមអាជ្ញាធរកោះជីប្រាល់តា (Gibraltar) របស់អង់គ្លេស កាលពីថ្ងៃសុក្រសប្តាហ៍នេះបានឲ្យដឹងថា សមាជិកកងនាវិកអ៊ីរ៉ង់ទាំងអស់ ០៤រូបរបស់នាវាដឹកប្រេងអ៊ីរ៉ង់ Grace 1 ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយគ្មានការចោទប្រកាន់ណាមួយឡើយ បន្ទាប់ពីមានការឃុំឃាំងកាលពីសប្តាហ៍មុន ក្រោមបទសង្ស័យថា បានរំលោភបំពានលើទណ្ឌកម្មអឺរ៉ុប តាមរយៈការលួចដឹកប្រេងទៅកាន់ប្រទេសស៊ីរី៕
៦៖ គណៈកម្មការសហព័ន្ធពាណិជ្ជកម្មអាមេរិក (FTC) បានអនុម័តហើយនូវប្រាក់ពិន័យ៥ពាន់លានដុល្លារ លើក្រុមហ៊ុន Facebook ដើម្បីបញ្ចប់ការស៊ើបអង្កេតលើ ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ នៅក្នុងសំណុំរឿងធ្វើឱ្យលេចធ្លាយទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ កាលពីឆ្នាំ២០១៨៕