(ហ៊ូស្តុន)៖ ប្រជាពលរដ្ឋត្រូវបានគេឲ្យត្រៀមលក្ខណៈរួចរាល់ ក្នុងការព្រឈមមុខនឹងព្យុះត្រូពិច ឈ្មោះប៊ែរី (Barry) ដែលត្រូវបានគេព្យាករណ៍ទុកមុនរួចហើយថា នឹងធ្វើឱ្យមានបំណាក់ដីនាព្រឹកថ្ងៃសៅរ៍នេះ នៅតាមបណ្តោយឆ្នេរភាគកណ្តាល នៃរដ្ឋល្វីសស៊ីណា (Louisiana)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ នាល្ងាចថ្ងៃសៅរ៍ ទី១៣ ខែកក្តដា ឆ្នាំ២០១៩នេះ។
បើយោងតាមមជ្ឈមណ្ឌលតាមដានព្យុះអាមេរិកបានឲ្យដឹងថា ព្យុះត្រូពិចខាងលើត្រូវបានគេសង្ស័យថា នឹងអាចបង្កើនកម្លាំងក្លាយជាខ្យល់ព្យុះសង្ឃរាហឺរីខិន (hurricane) មុនពេលទៅដល់ឆ្នេរសមុទ្រភាគកណ្តាល នៃររដ្ឋល្វីស្យ៉ាណា (Louisiana) សហរដ្ឋអាមេរិក។ លើសពីនោះទៀត វានឹងបង្កឲ្យមានរលកខ្យល់ព្យុះ និងមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅទូទាំងឆ្នេរសមុទ្រនៅបែកខាងជើង។ ហេតុដូចនេះមន្រ្តីរដ្ឋាភិបាល និងប្រជាពលរដ្ឋបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ផលប៉ះពាល់ពីព្យុះត្រូពិចដំបូងគេនៅឆ្នាំនេះ ដែលនឹងធ្វើឱ្យមានគ្រោះបាក់ដី នៅសហរដ្ឋអាមេរិក។
រដ្ឋល្វីសស៊ីណា (Louisiana) បានប្រកាសអាសន្នទុកជាមុនសម្រាប់ការនឹងមកដល់ព្យុះ ប៊ែរី (Barry) ខណៈប្រជាពលរដ្ឋ និងក្រុមការងារជួយសង្គ្រោះ កំពុងមមាញឹកក្នុងការត្រៀមប្រយុទ្ធ នឹងផលប៉ះពាល់របស់ព្យុះនេះ។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រសប្តាហ៍នេះ លោកអភិបាលរដ្ឋល្វីសស៊ីណា (Louisiana) គឺលោកច៊ន ប៊ែល អ៊ីវើតស៍(John Bel Edwards) បានប្រកាសថា រដ្ឋបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមមុខនឹងផលប៉ះពាល់ ហើយទំនប់នៅទីក្រុងញូអូលីនស៍ (New Orleans) គួរតែអាចទប់ទល់នឹងទឹកជំនន់នេះបានហើយ។
លោកអភិបាលបានសរសេរសារព្រមាននៅលើទំព័រ Twitter របស់លោកយ៉ាងដូច្នេះថា «វានឹងក្លាយជាព្រឹត្តការណ៍អាកាសធាតុដ៏សំខាន់មួយ ហើយប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ទេ នេះជាពេលវេលាដែលអ្នកត្រូវត្រៀមខ្លួនហើយ»។ ដោយឡែកផលិតកម្មប្រេងដ៏សំខាន់នៅភាគខាងត្បូងអាមេរិកក៏កំពុងព្រួយបារម្ភពីការរងផលប៉ះពាល់ ដោយសារព្យុះកំណាច Barry ផងដែរ ព្រោះវាអាចធ្វើដំណើរការនៅរោងចក្រប្រេងរាំងស្ទះ និងអាចធ្វើប៉ះពាល់ដល់តម្លៃប្រេងនៅក្នុងទីផ្សារ៕