(ឡុងដ៍)៖ យោធាអង់គ្លេសបានសម្រេចចិត្ត បញ្ជូននាវាចម្បាំងមួយគ្រឿងបន្ថែមទៀត ទៅកាន់តំបន់ក្បែរច្រកសមុទ្រ ហ័រមូស (Hormuz) បន្ទាប់ពីបានអះអាងថា ទូកឆ្មាំអ៊ីរ៉ង់ជាច្រើនគ្រឿងបានឡោមព័ទ្ធ កប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿង។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា នាវាពិឃាត HMS ដាន់ខេន (HMS Duncan) ត្រូវបានបញ្ជូនទៅកាន់តំបន់ក្បែរឈូងសមុទ្រ Hormuz ដើម្បីចូលរួមធានាការពារសន្តិសុខសមុទ្រដល់កប៉ាល់ដឹកប្រេងអង់គ្លេស ជាមួយនាវាពិឃាត HMS ម៉ុនត្រូស (HMS Montrose) ដែលកំពុងមានវត្តមាននៅក្នុងតំបន់នោះស្រាប់។
គួរជម្រាបថា កាលពីថ្ងៃពុធកន្លងទៅ មន្ត្រីយោធាអង់គ្លេសលើនាវាពិឃាត HMS Montrose បានអះអាងថា ទូកឆ្មាំសមុទ្រអ៊ីរ៉ង់បីគ្រឿងបានឡាមព័ទ្ធកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿង នៅឈូងសមុទ្រ Hormuz។ ចំណែកឯអ៊ីរ៉ង់បានទាត់ចោលការចោទប្រកាន់បែបនេះ ប៉ុន្តែមន្ត្រីជាន់ខ្ពស់យោធាអ៊ីរ៉ង់ជាច្រើននាក់ក៏ធ្លាប់បានព្រមានដែរថា នឹងចាត់វិធានការឆ្លើយតបចំពោះអង់គ្លេស ដែលបានរឹបអូស កប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅឯដែនសមុទ្រនៃកោះជីប្រាល់តា (Gibralta) របស់អង់គ្លេសកាលពីសប្ដាហ៍មុន៕