(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៥នាក់ រងរបួស ហើយផ្ទះជាច្រើនខ្នងរងការខូចខាត ក្រោយគ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រ វាយប្រហារលើ កោះ Mindanao ភាគខាងត្បូងនៃប្រទេស។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។
គ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគឦសាន នៃកោះ Mindanao នៅម៉ោង៤៖៤២នាទីព្រឹក ថ្ងៃសៅរ៍នេះ ជាមួយជម្រៅរញ្ជួយទៅក្នុងដី១១.៨ គីឡូម៉ែត្រ។
គួររំលឹកថា ហ្វីលីពីនគឺជាប្រទេសមួយដែលតែងតែជួបប្រទះនឹងគ្រោះធម្មជាតិ ជាពិសេស គឺព្យុះ និងគ្រោះរញ្ជួយដីតែម្ដង។ ជាក់ស្ដែង កាលពីខែមេសា កន្លងទៅ គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានផ្ដាច់ជីវិតមនុស្ស១១នាក់ ក្នុងតំបន់មួយស្ថិតនៅភាគខាងជើងទីក្រុងម៉ានីល៕