(អង់ការ៉ា)៖ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បានពន្យល់សហរដ្ឋអាមេរិកជាថ្មីថា ការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី គឺជាតម្រូវការចាំបាច់សម្រាប់តួកគី ខណៈសភាអាមេរិក អំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងអង់ការ៉ា ជាបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។
ការលើកឡើងរបស់លោក Hulusi Akar ធ្វើឡើងកំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី ការពារជាតិស្ដីទីអាមេរិក លោក Mark Esper នៅថ្ងៃសុក្រសប្ដាហ៍នេះ។ បន្ថែមពីលើនេះ លោក Akar ក៏បានប្រាប់លោក Esper ដែរថាតួកគីនៅតែបន្តស្ថិតនៅក្រោមការគំរាមកំហែងផែ្នកដែន អាកាស ហើយការទិញប្រព័ន្ធមីស៊ីល S-400 មិនមែនជាជម្រើសនោះទេ តែវាគឺជារឿងចាំបាច់។
យ៉ាណាក៏ដោយ បើតាមលោករដ្ឋមន្ត្រីការពារជាតិតួកគី ទីក្រុងអង់ការ៉ា នឹងនៅតែបន្តទិញអាវុធ ពីសហរដ្ឋអាមេរិកក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល Patriot និងយន្ដហោះចម្បាំងបំបាំងកាយ អាមេរិក F-35 ផងដែរ។
គួរជម្រាបថា បរិក្ខាប្រព័ន្ធមីស៊ីល S-400 ដំបូង ដែលតួកគីបញ្ជាទិញពីរុស្ស៊ី កាលពីឆ្នាំ២០១៧ ត្រូវបានដឹកជញ្ជូនទៅដល់ទឹកដីតួកគីហើយ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ប៉ុន្តែ ខាងសភាអាមេរិក បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងតួកគីជាបន្ទាន់ រីឯរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ មិនទាន់បញ្ចេញប្រតិកម្មធំដុំនៅឡើយទេ៕