(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្ស័ង (Geng Shuang) បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ដែលលក់អាវុធមានតម្លៃជាង ២.២ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃសុក្រសប្ដាហ៍នេះ លោក Geng Shuang ក៏បានអះអាងដែរថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកឱ្យកោះតៃវ៉ាន់ គឺជាទង្វើប៉ុនប៉ងបំផ្លាញអធិបតេយ្យភាព និងសនិ្តសុខជាតិចិន ព្រមទាំងគោលនយោបាយចិនតែមួយ។ លោក Shuang បានបន្ថែមយ៉ាងដូច្នេះថា «ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង ចិននឹងដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន អាមេរិកដែលលក់អាវុធឱ្យកោះតៃវ៉ាន់»។
ទោះបីជាបែបនេះក្តី ក្រសួងការបរទេសអាមេរិកមិនទាន់ធ្វើការឆ្លើយតបណាមួយ ទៅនឹងការប្រកាសដាក់ទណ្ឌកម្មនេះទេ ហើយគេក៏មិនទាន់ដឹងថា វាជាទណ្ឌកម្មលើអ្វីមួយឲ្យប្រាកដដែរ ខណៈរាល់បណ្ដាក្រុមហ៊ុនលក់អាវុធអាមេរិក ជាប់បំរាមក្នុងការចុះកិច្ចព្រមពៀងជាមួយចិន ចាប់តាំងពីឆ្នាំ១៩៨៩ មកម្ល៉េះ។
គួរជម្រាបថា កាលពីថ្ងៃចន្ទកន្លងទៅ ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់រថក្រោះ M1A2T Abrams ចំនួន ១០៨គ្រឿង និងមីស៊ីល Stinger ចំនួន ២៥០គ្រាប់មានតម្លៃជាង ២.២ពាន់លានដុល្លារ ហើយដែលអាវុធទាំងនេះត្រូវបានផលិតឡើងដោយ ក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon។ ប៉ុន្តែទន្ទឹមគ្នា ទីក្រុងវ៉ាស៊ីនតោនបានច្រានចោលការព្រួយបារម្ភរបស់ទីក្រុងប៉េកាំង ដោយអះអាងថា ការលក់អាវុធទាំងនេះនឹងចូលរួមចំណែកថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់៕