(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័តហើយ ទៅលើវិសោធនកម្មនៃសេចក្ដីព្រាងច្បាប់ថ្មី ដែលមានគោលដៅរារាំងមិនឱ្យលោក ដូណាល់ ត្រាំ ប្រកាសសង្រ្គាមជាមួយអ៊ីរ៉ង់ ដោយគ្មានការយល់ព្រមពីសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។
សេចក្ដីព្រាងច្បាប់ថ្មីខាងលើ ត្រូវបានបោះឆ្នោតអនុម័តនៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយសំឡេងគាំទ្រ ២២០ ទល់នឹង ១៩៧សំឡេង។ ដោយឡែកក្រោយការសម្រេចនេះដែរ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក មកពីបក្សប្រជាធិបតេយ្យ លោក អេលៀត អេងហ្គែល (Eliot Engel) បាននិយាយថា ច្បាប់នេះនឹងរារាំងមិនឱ្យលោក ដូណាល់ ត្រាំ ប្រកាសសង្រ្គាម ឬបើកការវាយប្រហារណាមួយលើអ៊ីរ៉ង់ឡើយ បើសិនជាគ្មានការអនុញ្ញាតពីសភាជាមុន។
លោក Eliot Engel បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «បើសិនជាលោកប្រធានាធិបតី ត្រាំ ចង់ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ លោកចាំបាច់ត្រូវការការយល់ព្រមពីសភាជាមុនសិន ព្រោះរដ្ឋធម្មនុញ្ញបានផ្ដល់សិទ្ធិអំណាចឱ្យសភា ជាអ្នកប្រកាសសង្រ្គាមមិនមែនប្រធានាធិបតីនោះទេ»។
គួរជម្រាបថា សេចក្ដីពា្រងច្បាប់ខាងលើ នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាអាមេរិក ដឹកនាំដោយគណបក្សសាធារណរដ្ឋ ខណៈសេតវិមានអះអាងថា លោក ដូណាល់ ត្រាំ នឹងបោះឆ្នោតវ៉េតូចំពោះច្បាប់ថ្មីនេះ៕