(វ៉ាស៊ីនតោន)៖ គណៈកម្មការសហព័ន្ធពាណិជ្ជកម្មអាមេរិក (FTC) បានអនុម័តហើយ នូវប្រាក់ពិន័យ៥ពាន់លានដុល្លារលើក្រុមហ៊ុន Facebook ដើម្បីបញ្ចប់ការស៊ើបអង្កេតលើ ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ នៅក្នុងសំណុំរឿងធ្វើឱ្យលេចធ្លាយទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ កាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។
សេចក្ដីរាយការណ៍ខាងលើ ត្រូវបានចេញផ្សាយមុនគេ ដោយសារព័ត៌មានអាមេរិក Wall Street Journal ដែលបញ្ជាក់ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានថា FTC បានអនុម័តប្រាក់ពិន័យ ៥ពាន់លានដុល្លារនៅក្នុងសំឡេង៣ ទល់នឹង២។ ប៉ុន្តែខាងក្រុមហ៊ុន Facebook និង FTC មិនទាន់ធ្វើការអធិប្បាយណាមួយនៅឡើយទេ ខណៈគេរំពឹងថាប្រាក់ពិន័យនេះ នឹងត្រូវរង់ចាំការសម្រេចចិត្តចុងក្រោយ ពីនាយកដ្ឋានស៊ីវិល នៃក្រសួងយុត្តិធម៌អាមេរិក។
គួរបញ្ជាក់ថា គណៈកម្មការពាណិជ្ជកម្មអាមេរិក បានបើកការស៊ើបអង្កេតលើ Facebook កាលពីមីនា ឆ្នាំ២០១៨ បន្ទាប់ពីមានការចោទប្រកាន់ថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ បានបណ្ដោយឱ្យក្រុមហ៊ុនអង់គ្លេស Cambridge Analytica ប្រើប្រាស់ទិន្នន័យ ឯកជនរបស់អ្នកប្រើប្រាស់ជាង ៨៧លាននាក់ ក្រោមហេតុផលនយោបាយ។
ម្យ៉ាងវិញទៀត ការស៊ើបអង្កេតនេះ ក៏មានគោលដៅបញ្ជាក់ដែរ ថាតើក្រុមហ៊ុន Facebook បានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០១១ ជាមួយ FTC ដែរឬទេ៕