(អាហ្វហ្គានីស្ថាន)៖ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានដើរចូលទៅក្នុងពិធីរៀបការមួយ នៅភាគខាងកើត ខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃសុក្រនេះ ហើយបានចុចបំផ្ទុះគ្រាប់បែកឡើង សម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងរងរបួស៤០នាក់, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១២ ខែកក្កដានេះ។
លោក Atahullah Khogyani អ្នកនាំពាក្យអភិបាលខេត្ត Nangarhar បានឲ្យដឹងថា ក្មេងប្រុសម្នាក់ បានពាក់គ្រាប់បែកនៅនឹងខ្លួន ហើយបានដើរចូលទៅក្នុងផ្ទះ ដែលកំពុងធ្វើពិធីរៀបការ ដោយផ្ទះនោះ គឺផ្ទះមេបញ្ជាការយោធាគាំទ្រដោយរដ្ឋាភិបាល នៅក្នុងស្រុក Pacheragam។
លោក Khogyani បន្តថា បុរសនិងស្ត្រីចំនួន៤០នាក់ ដែលទទួលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈពលរដ្ឋក្នុងតំបន់ បានលើកឡើងថា មនុស្សចំនួន១០នាក់ ត្រូវបានសម្លាប់។
យោធាគាំទ្រដោយរដ្ឋាភិបាល តែងតែធ្វើការជាមួយនឹង កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ដើម្បីការពារទឹកដី ដែលធ្លាក់ចូលទៅក្នុងដៃ របស់ក្រុមសកម្មប្រយុទ្ធតាលីបង់ និងរដ្ឋឥស្លាម (IS)។
គួរជម្រាបថា មិនទាន់មានក្រុមណាមួយ បានអះអាងទទួលស្គាល់ ថាការវាយប្រហារ នៅក្នុងពិធីរៀបការនេះ ជាសកម្មភាពរបស់ខ្លួនឡើយ ប៉ុន្តែក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម តែងតែបើកការវាយប្រហារជាបន្តបន្ទាប់ ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារ លើការិយាល័យរដ្ឋាភិបាល, សាលារៀន និងក្រុមផ្តល់ជំនួយ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងទីក្រុង Jalalabad ជាទីក្រុងធំរបស់ខេត្ត Nangarhar៕