(បរទេស)៖ អ្នកវិទ្យាសាស្រ្តបានលើកឡើងនូវហេតុផលមួយចំនួន ដែលធ្វើឲ្យលោហៈធាតុដូចជាមាស និងប្លាទីនជាដើម សម្បូរហូរហៀរខ្លាំងនៅលើផែនដី ជាជាងនៅលើឋានព្រះច័ន្ទ ខណៈវត្ថុធាតុលើព្រះច័ន្ទត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា មានប្រភពដើមចេញពីភពរបស់យើងយ៉ាងច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។
បើតាមទ្រឹស្តីរបស់ក្រុមអ្នកវិទ្យាសាស្រ្ត កាលពីប្រមាណ ៤.៥ពាន់លានឆ្នាំមុន ភពមួយទំហំប៉ុនភពអង្គារហៅថា Theia បានមកបុកភពមួយទៀតហៅថា proto-Earth ឬ Gaia ដែលបានវិវត្តន៍ក្លាយទៅជាភពផែនដីបច្ចុប្បន្នយ៉ាងពេញទំហឹង រហូតធ្វើភព Theia បែកខ្ចាត់ខ្ចាយជាបំណែកៗទៅក្នុងទីអវកាស ជាមួយរូបធាតុមួយចំនួនធំរបស់ភព proto-Earth ។ រូបភាពធាតុទាំងនោះខ្លះក៏ត្រូវបាន ភព proto-Earth ស្រូបយកទៅផ្តុំខ្លួនវាវិញ និងខ្លះទៀតក៏បានរួមផ្តុំចូលគ្នា ហើយកើតចេញទៅជាព្រះច័ន្ទដូចសព្វថ្ងៃ។
យ៉ាងណាមិញក្រុមអ្នកវិទ្យាសាស្រ្តជឿថា លោហៈធាតុប្រភេទ Highly Siderophile Element (HSE) ដូចជាមាស និងប្លាទីន មិនទាន់មានវត្តមានកាលពីពេលនោះឡើយ។ លោហៈធាតុទាំងនេះ ទំនងជាត្រូវបាននាំយកមក តាមរយៈការធ្លាក់នៃអាចម៍ផ្កាយ ប៉ុន្តែនៅតែមិនទាន់ច្បាស់ថា ហេតុអ្វីបានជាផែនដីសម្បូរពួកវាខ្លាំងជាងព្រះច័ន្ទ។
យោងតាមលទ្ធផលនៃការសិក្សាថ្មីបានបង្ហាញថា មូលហេតុគឺពាក់ព័ន្ធជាមួយ កម្លាំងទំនាញខ្សោយរបស់ព្រះច័ន្ទ ធៀបនឹងកម្លាំងទំនាញរបស់ភពផែនដី ដែលធ្វើឲ្យរូបធាតុនានាក្នុងនោះមានទាំងលោហៈធាតុ HSE នាំមកដោយអាចម៍ផ្កាយ បាត់បង់ទៅក្នុងទីអវកាសវិញ។ កត្តាមួយទៀត គឺទាក់ទិនសមត្ថភាពរក្សាទុកសារធាតុលោហៈ HSE នៅតាមស្រទាប់ព្រះច័ន្ទ អាចទើបតែចាប់ផ្តើមឡើង នៅពេលមហាសមុទ្រម៉ាកម៉ា ដែលគ្របដណ្តប់លើផ្ទៃព្រះច័ន្ទ ចុះត្រជាក់និងកករឹងប៉ុណ្ណោះ ខណៈលោហៈធាតុ HSE ដែលមកដល់ព្រះច័ន្ទមុនពេលនោះ ប្រហែលបានលិចចូលទៅជ្រៅ និងរលាយចូលទៅក្នុងស្នូលរបស់ព្រះច័ន្ទ បាត់អស់ទៅហើយ។
គួរបញ្ជាក់ថា ដំណើររឿងនៃវត្តមានរ៉ែមាស និងប្លាទីនខាងលើនេះ ក៏មិនសូវខុសពីទ្រឹស្តីនៃការនាំឲ្យមានវត្តមានទឹករាវ នៅលើភពផែនដី និងព្រះច័ន្ទនោះដែរ ដោយក្រុមអ្នកវិទ្យាសាស្ត្រកាលពីទសវត្សរ៍មុនៗបានអះអាងថា ទឹករាវបច្ចុប្បន្ននេះ ត្រូវបានអាចម៍ ផ្កាយ (មិនដឹងប្រភព) នាំយកមកទម្លាក់លើភពផែនដីជាបន្តបន្ទាប់ ក្នុងរយៈពេលរង្វង់ ២០លានឆ្នាំ ហើយវាក៏អាចធ្លោយទៅធ្លាក់នៅលើព្រះច័ន្ទផងដែរ ទើបព្រះច័ន្ទបច្ចុប្បន្ននេះមានទឹកនៅក្រោមដី៕