Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ នឹងធ្វើជំរឿនប្រជាជនឲ្យបានតាមគំរោងថ្មីនៅឆ្នាំ២០២០ ដើម្បីរកឲ្យឃើញជនជាតិអាមេរិកពិតៗ និងជនអន្តោប្រវេសន៍ខុសច្បាប់... (Video inside)

12-07-2019 15:31

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកនឹងមិនចុះញ៉មនោះឡើយ ពាក់ព័ន្ធនឹងការធ្វើជំរឿននៅឆ្នាំ២០២០ ដើម្បីដឹងថាប្រជាជនមាន ឬមិនមានសញ្ជាតិអាមេរិកដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក មានចំនួនប៉ុន្មាននាក់ឲ្យពិតប្រាកដ បើទោះបីជាដឹងថាគំរោងមួយនេះ កំពុងបង្កឲ្យមានការបែកបាក់គ្នា រវាងអ្នកនយោបាយអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយ ចេញពីសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយស្ថិតក្នុងឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា ដោយសារតែមានវិវាទ និងការប្រឆាំងជំទាស់ រដ្ឋបាលលោកនឹងមិនបន្ថែមសំណួរស្ដីពីសញ្ជាតិ ទៅក្នុងការធ្វើជំរឿនឆ្នាំ២០២០ នោះទេ។ ប៉ុន្តែប្រការនេះក៏មិនមែនមានន័យថា សេតវិមាននឹងបោះបង់ចោលការតស៊ូ នៅក្នុងការធ្វើជំរឿនដោយបន្ថែមសំនួរនោះដែរ។ លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធប្រមូលទិន្នន័យនានា ដើម្បីរាប់ចំនួនប្រជាជនដែលមាន ឬគ្មានសញ្ជាតិអាមេរិក ហើយក្រសួងទាំងអស់នឹងត្រូវផ្ដល់ទិន្ន័យនានា ទៅដល់ក្រសួងពាណិជ្ជកម្មអាមេរិក។

លោក ត្រាំ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងខ្ញុំនឹងការពារសិទ្ធិក្នុងការទទួលបានព័ត៌មាន របស់ប្រជាជនអាមេរិក ព្រមទាំងចំនួនពលរដ្ឋពិតប្រាកដដែលកំពុងរស់នៅទូទាំងសហរដ្ឋអាមេរិក ដែលវាពិតជាសំខាន់ណាសម្រាប់ការបង្កើតគោលនយោបាយ... យើងក៏ចង់ដឹងដែរថា តើមានពួកអេលៀន (ជនអន្តោប្រវេសន៍ខុសច្បាប់) ប៉ុន្មាននាក់ដែលកំពុងស្ថិតនៅសហរដ្ឋអាមេរិក... យើងប្តេជ្ញាធររាប់ឲ្យបានគ្រប់គ្នាតែម្តង...»

គួរបញ្ជាក់ថា ការធ្វើជំរឿនគឺស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញអាមេរិក ហើយវាត្រូវធ្វើឡើងជារៀងរាល់ ១០ឆ្នាំម្ដង។ សម្រាប់ដំណើរការនៃជំរឿនប្រជាជននេះ ត្រូវបានគេមើលឃើញថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងតែព្យាយាមសម្រិតសម្រាំង រកជនអន្តោប្រវែសន៍ទាំងអស់ ដែលកំពុងរស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិក តាមរយៈការបង្កើនសំនួរទៅក្នុងបែបបទនៃការធ្វើជំរឿន៕