(ឌូបៃ)៖ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ មូសាវី (Abbas Mousavi) ទីក្រុងតេហេរ៉ង់បានអំពាវនាវឲ្យអង់គ្លេស ដោះលែងកប៉ាល់ដឹកប្រេងរបស់ខ្លួនឈ្មោះ Grace 1 ដែលកងនាវាអង់គ្លេសសបានរឹបអូសកាលពីថ្ងៃទី០៤ ខែកក្កដានោះជាបន្ទាន់។ នេះបើយោងតាម ការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី១២ ខែកក្តដា ឆ្នាំ២០១៩នេះ។
អ្នកនាំពាក្យខាងលើដដែលបាននិយាយយ៉ាងដូច្នេះថា «នេះគឺជាល្បែងដ៏គ្រោះថ្នាក់ ហើយលទ្ធផលរបស់វា គឺវិនាស... ច្បាប់រឹបអូសយករបស់គេបែបនេះ គឺមិនមានសុពលភាពទេ... ការដោះលែងនាវាដឹកប្រេងអ៊ីរ៉ង់ គឺជាបំណងប្រាថ្នារបស់បណ្តាប្រទេសទាំងអស់ ... មហាអំណាចបរទេសគួរតែចាកចេញពីតំបន់នេះ ពីព្រោះអ៊ីរ៉ង់ និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត មានសមត្ថភាពក្នុងការធានាសន្តិសុខ ក្នុងតំបន់ដោយខ្លួនឯងហើយ»។
បន្ថែមពីខាងលើនេះ រដ្ឋាភិបាលអ៊ីរ៉ង់ក៏បានព្រមានទៀតថា អ៊ីរ៉ង់នឹងចាត់វិធានការចំរុះតែម្តង បើអង់គ្លេសនៅតែមិនព្រមដោះលែងកប៉ាល់ដឹកប្រេងរបស់ខ្លួនវិញ។ បើតាមអង់គ្លេសវិញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញមានទូកល្បាត ០៣គ្រឿង ដែលជាកម្មសិទ្ធិរបស់កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បានប៉ុនប៉ងរឹបអូសយកកប៉ាល់ដឹកប្រេង មួយឈ្មោះ ប្រ៊ីធីស ហឺរីថេច (British Heritage) ដែលធ្វើដំណើរក្នុងឈូងសមុទ្រពែក តាមរយៈការទាមទារឲ្យកប៉ាល់នោះ ឈប់សំចតនៅក្នុងដែនទឹករបស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែពួកគេក៏បានដកថយទៅវិញ ក្រោយទទួលបានការព្រមានពីនាវាចម្បាំង ម៉ុនត្រូស (Montrose) ដែលអមដំណើរកប៉ាល់ដឹកប្រេងខាងលើនោះ។
គួរជម្រាបថា អង់គ្លេសគឺជាប្រទេសហត្ថលេខីមួយ ក្នុងចំណោមបណ្តាប្រទេសហត្ថលេខីទាំង ០៦ផ្សេងទៀត លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំមុន ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងចាស់ដៃ មកលើទីក្រុងតេហេរ៉ង់។ រដ្ឋបាលលោក ត្រាំ បានសំអាងថា កិច្ចព្រមព្រៀងដែលអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នោះបានធ្វើឲ្យខាតបង់ផល ប្រយោជន៍របស់អាមេរិក ហើយប្រទេសអ៊ីរ៉ង់ក៏មិនដែលគោរពតាមកិច្ចព្រមព្រៀងនោះដែរ៕