(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏ គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងអនុវត្តផែនការថ្មីមួយ ដែលមានគោលដៅរក្សាឲ្យយានអវកាស Voyager ទី១ និង Voyager ទី២ ដែលជាយានចំណាស់បំផុតរបស់ខ្លួនអាចបន្តប្រតិបត្តិការ របស់ពួកវាបានតទៅមុខទៀត៕

 

២៖ ប្រភពពីមន្រ្តីក្នុងក្រសួងការពារជាតិអាមេរិកបានអះអាងថា កាលពីថ្ងៃពុធសប្តាហ៍នេះទូកល្បាតអ៊ីរ៉ង់ ០៥គ្រឿង ដែលមានបំពាក់ដោយអាវុធ បានសំដៅមករកកប៉ាល់ដឹកប្រេងអង់គ្លេសឈ្មោះ ប្រ៊ីធីសហឺរីថេច (British Heritage) នៅឯច្រកសមុទ្រ ហ័រមូស (Hormuz) ប៉ុន្តែបានដកថយទៅវិញក្រោយមានការព្រមានពី នាវាចម្បាំងអង់គ្លេស HMS ម៉ុនត្រូស (HMS Montrose) ដែលអមដំណើរកប៉ាល់ដឹកប្រេងនោះ៕

 

៣៖ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ និង៥០នាក់ ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរ បុកជាមួយរថភ្លើងដឹកទំនិញនៅក្នុងទីក្រុង រ៉ាហ៊ីម យ៉ាខាន់ (Rahim Yar Khan) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង (ម៉ោងនៅប៉ាគីស្ថាន)៕

 

៤៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានចេញដំណើរឆ្ពោះទៅទឹកដីសហរដ្ឋអាមេរិក ហើយ នាថ្ងៃព្រហស្បតិ៍នេះ ចំពោះមុខការមិនពេញចិត្តពីសំណាក់ទីក្រុងប៉េកាំង ដែលចាត់ទុកទង្វើនេះថា ជាការរំលោភលើគោលនយោបាយចិនតែមួយ៕

 

៥៖ ក្រុមហ៊ុនអាកាសចរណ៍ចិន Air China នាថ្ងៃព្រហស្បតិ៍នេះបានប្រកាសថាខ្លួននឹងទិញយន្តហោះដឹក អ្នកដំណើរធុន A350-900 ចំនួន២០គ្រឿង ក្នុងតម្លៃគោល ៦.៥៤ពាន់លានដុល្លារពីក្រុមហ៊ុនផលិត យន្តហោះបារាំង Airbus ជាគូប្រជែងនៃក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ដែលកំពុងជួបបញ្ហា៕

 

៦៖ បញ្ហាវិវាទថ្មីៗនេះរវាងជប៉ុន និងកូរ៉េខាងត្បូងត្រូវគេមើលឃើញថាអាចបង្កការធ្ងន់ធ្ងរដល់ ទីផ្សារបច្ចេកវិទ្យាសកល និង ធ្វើឲ្យផលិតផលឡើងថ្លៃខ្ពស់សម្រាប់អតិថិជន៕