(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ចិន Air China នាថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួននឹងទិញយន្តហោះដឹកអ្នកដំណើរធុន A350-900 ចំនួន២០គ្រឿងក្នុងតម្លៃគោល ៦.៥៤ពាន់លានដុល្លារ ពីក្រុមហ៊ុនផលិតយន្តហោះបារាំង Airbus ជាគូប្រជែងនៃក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ដែលកំពុងជួបបញ្ហា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។
សេចក្តីប្រកាសនេះបានកើតមានឡើង ស្របពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់អាចដោះស្រាយចប់រួចរាល់ឡើយ ទោះបីវាហាក់មានភាពធូរស្រាលបន្តិចបន្តួចក្តី។ បើតាមអាកាសចរណ៍ Air China ដែល បច្ចុប្បន្នមាន Airbus A350-900 ជាប្រភេទតួខ្លួនទូលាយចំនួន ១០គ្រឿងស្រាប់ ការប្រគល់យន្តហោះ A350-900 ថ្មីទាំង ២០គ្រឿង នឹងចាប់ផ្តើមពីឆ្នាំក្រោយរហូតដល់ឆ្នាំ២០២២។
គួរជម្រាបថា ការបញ្ជាទិញថ្មីណាមួយ អាចជួយក្រុមហ៊ុន Airbus បង្រួមគន្លាតឱនភាពនៃអត្រាលក់យន្តហោះដឹកអ្នកដំណើរ ប្រភេទតួខ្លួនទូលាយ ជាមួយក្រុមហ៊ុន Boeing ស្របពេលដែល ៦ខែកន្លងទៅនៃឆ្នាំ២០១៩នេះ Boeing ទទួលបានការបញ្ជាទិញយន្តហោះប្រភេទនេះសរុប ៦១គ្រឿង រីឯក្រុមហ៊ុនបារាំង Airbus វិញមានត្រឹម ៣៥គ្រឿងប៉ុណ្ណោះ៕