(អ៊ីស្លាម៉ាបាដ)៖ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ និង៥០នាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរ បុកជាមួយរថភ្លើងដឹកទំនិញនៅក្នុងទីក្រុង រ៉ាហ៊ីម យ៉ាខាន់ (Rahim Yar Khan) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង (ម៉ោងនៅប៉ាគីស្ថាន)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។
រថភ្លើងដឹកអ្នកដំណើរខាងលើ បានធ្វើដំណើរចាកចេញពីទីក្រុងឡាហ័រ (Lahore) ទៅកាន់ទីក្រុងក្វេតតា (Quetta) ប៉ុន្តែតែបុកគ្នាជាមួយរថភ្លើងដឹកទំនិញ មួយគ្រឿងផ្សេងទៀតនៅឯស្ថានីយរថភ្លើង ទីក្រុង Rahim Yar Khan នៃខេត្តផាន់ចាប់ (Punjab)។ ចំណែកឯ ក្រុមអ្នកជួយសង្រ្គោះ បានទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់។
គួរបញ្ជាក់ថា បើតាមមន្ទីពេទ្យនៅក្នុងតំបន់ ចំនួនអ្នកស្លាប់អាចកើនឡើង ពីព្រោះនៅក្នុងចំណោមអ្នករងរបួស មានមនុស្សជាច្រើននាក់របួសធ្ងន់ រីឯមូលហេតុកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕