(ក្រិក)៖ អាជ្ញាធរក្រិកបានឲ្យដឹងថា មានភ្ញៀវទេសចរបរទេស ០៦នាក់បានស្លាប់បាត់បង់ជីវិត ដោយនៅក្នុងនោះក៏មានកុមារ ០២នាក់ដែរ បន្ទាប់ពីមានខ្សល់ព្យុះថូណាដូដ៏អាក្រក់មួយ បានវាយប្រហារមកលើភាគខាងជើងប្រទេសក្រិក កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្តដា ឆ្នាំ២០១៩នេះ។
នៅលើកញ្ជក់ទូរទស្សន៍ជាតិក្រិក បានបង្ហាញរូបភាពរថយន្តក្រឡាប់ពាសពេញផ្លូវ ដើមឈើដួលរលំ និងដំបូលផ្ទះបាក់បែក នៅតាមដងផ្លូវនៃតំបន់ហាល់គីឌីគី (Halkidiki) ដែលតំបន់ជាទីពេញនិយមរបស់ភ្ញៀវទេសចរបរទេសនៅប្រទេសក្រិក។ លោក ការ៉ាឡាំប៊ុស ស្តើរ៊ៃដីស (Charalambos Steriadis) ប្រធានផ្នែកការពារស៊ីវិល ប្រចាំភាគខាងជើងប្រទេសក្រិកបាននិយាយថា «ភ្ញៀវទេសចរសរុប ០៦នាក់បានស្លាប់ ហើយយ៉ាងហោចណាស់មនុស្ស ៣០នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះធម្មជាតិខ្យល់ព្យុះនេះ»។
យោងតាមសាក្សីដែលត្រូវបានសម្ភាសន៍ដោយទូរទស្សន៍រដ្ឋ ERT បានឱ្យដឹងថា ព្យុះសង្ឃរានេះមានរយៈពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ។ មន្ត្រីប៉ូលីសបានបញ្ជាក់ថា ប្តីប្រពន្ធឆែកមួយគូបានស្លាប់ដោយសារខ្យល់បោកបក់ ខណៈមានបុរសរុស្ស៊ីម្នាក់ និងកូនប្រុសរបស់ខ្លួនបានស្លាប់ដោយដើមឈើបាក់សង្កត់លើ។ ចំណែកឯស្ត្រីជនជាតិរូម៉ានីម្នាក់ និងកូនរបស់នាង បានស្លាប់ដោយសារការបាក់បំណែកអាគារធ្លាក់ចំពីលើពួកគេ។
គួរបញ្ជាក់តាមសម្តីលោក Steriadis ទៀតថា «វាជាបាតុភូតធម្មជាតដ៏អាក្រក់បំផុត ដែលមិនធ្លាប់កើតឡើងពីមុនមកទេនៅតំបន់នេះ។ អាជ្ញាធរបានប្រកាសដាក់តំបន់ហាលគីដីគី(Halkidiki) ស្ថិតក្នុងភាពអាសន្ន»។ យ៉ាងហោចណាស់មានក្រុមអ្នកជួយសង្គ្រោះចំនួន ១៤០នាក់ បានចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះនេះ៕