(វ៉ាស៊ីនតោន)៖ ប្រភពពីមន្រ្តីក្នុងក្រសួងការពារជាតិអាមេរិកបានអះអាងថា កាលពីថ្ងៃពុធសប្តាហ៍នេះទូកល្បាតអ៊ីរ៉ង់ ០៥គ្រឿង ដែលមានបំពាក់ដោយអាវុធ បានសំដៅមករកកប៉ាល់ដឹកប្រេងអង់គ្លេសឈ្មោះ ប្រ៊ីធីសហឺរីថេច (British Heritage) នៅឯច្រកសមុទ្រ ហ័រមូស (Hormuz) ប៉ុន្តែបានដកថយទៅវិញ ក្រោយមានការព្រមានពីនាវាចម្បាំងអង់គ្លេស HMS ម៉ុនត្រូស (HMS Montrose) ដែលអមដំណើរកប៉ាល់ដឹកប្រេងនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ទូកល្បាតទាំង ០៥គ្រឿង ដែលជាកម្មសិទ្ធិរបស់កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បានប៉ុនប៉ងរឹបអូសយកកប៉ាល់ដឹកប្រេង British Heritage ដែលធ្វើដំណើរក្នុងឈូងសមុទ្រពែក តាមរយៈការទាមទារឲ្យកប៉ាល់នោះឈប់ នៅក្នុងដែនទឹករបស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែក៏បានដកថយទៅវិញ ក្រោយទទួលបានការព្រមានពីនាវាចម្បាំង Montrose ដែលអម ដំណើរកប៉ាល់ British Heritage។ យ៉ាងណាមិញ ក្រសួងការពារជាតិអង់គ្លេសពុំបានធ្វើការឆ្លើយតបអ្វីឡើយ ពាក់ព័ន្ធបញ្ហានេះ នៅពេលដែល Reuters បានព្យាយាមទាក់ទងទៅ។
គួរជម្រាបថា កាលពីពេលថ្មីៗនេះកងម៉ារីនរបស់អង់គ្លេស បានរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅច្រកសមុទ្រជីប្រាល់តា (Gibraltar) ក្រោមការសង្ស័យថា កប៉ាល់នោះល្មើសនឹងទណ្ឌកម្មអន្តរជាតិ ដែលបានដាក់លើប្រទេសអ៊ីរ៉ង់។ ឆ្លើយតបនឹងទង្វើនេះ អ៊ីរ៉ង់ក៏បានព្យាយាមទទូចឲ្យអង់គ្លេស ដោះលែងកប៉ាល់ដឹកប្រេងរបស់ខ្លួនវិញ និងគំរាមថែមទៀតថា បើមិនដូច្នោះទេអ៊ីរ៉ង់នឹងចាត់វិធានការដូចគ្នា លើកប៉ាល់ដឹកប្រេងអង់គ្លេស។
នៅថ្ងៃពុធមុនលេចចេញព័ត៌មានខាងលើ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី (Hassan Rouhani) ក៏បានព្រលយពាក្យឌឺដង ចំពោះការសម្រេចចិត្តរបស់ទីក្រុងឡុងដ៍ ក្នុងការបញ្ជូននាវាចម្បាំងឲ្យអមដំណើរកប៉ាល់ដឹកប្រេងអង់គ្លេសផងដែរ តាមរយៈការលើកឡើងថា ដោយសារតែទង្វើបង្កហេតុរបស់ពួកគេផ្ទាល់ប៉ុណ្ណោះ ទើបធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃការធ្វើនាវាចរបែបនេះ៕