(វៀងច័ន្ទ)៖ អាជ្ញាធរឡាវបានបញ្ជាក់ថា សាច់ជ្រូកទាំងអស់ដែលដាក់លក់លើទីផ្សាទីក្រុងវៀងច័ន្ទ គឺមានសុវត្ថិភាពក្នុងការបរិភោគ ព្រោះសាច់ជ្រូកទាំងនោះ មានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ជាប្រចាំ បន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកចូលមកដល់រដ្ឋធានីនៃប្រទេសឡាវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ។
យោងតាមមន្រ្តីឡាវបានឲ្យដឹងថា មកដល់ពេលនេះ នៅក្នុងទីក្រុងវៀងច័ន្ទ មានសត្វជ្រូកប្រហែល១០០ក្បាលហើយបានងាប់ ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលហៅកាត់ថា ASF ខណៈមានជ្រូកសរុបប្រមាណ២,៥០០ក្បាល បានងាប់នៅទូទាំងប្រទេសឡាវដោយសារជំងឺនេះ។
មន្រ្តីសុខាភិបាលឡាវបានអះអាងថា វាមានសុវត្ថិភាពក្នុងការទទួលទានសាច់ជ្រូកទាំងនោះ ប៉ុន្តែគួរតែចម្អិនវាឱ្យឆ្អិនល្អមុននឹងទទួលទាន។ បើទោះបីជាជំងឺនេះ ជាជំងឺឆ្លងដ៏កាចសាហាវពីក្នុងចំណោមសត្វជ្រូកក៏ដោយ តែវាមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ឡាវ នាពេលថ្មីៗនេះ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាននៅខេត្តឡាសាវ៉ាន់ (Salavan) និងខេត្តដទៃទៀត ឲ្យតាមដានយ៉ាងបានដិតដល់បំផុត នៅតាមតំបន់របស់ពួកគេរៀងៗខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
លោក Bounkhouang Khambounheuang ដែលជារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា៖ «មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសឡាវ កំពុងធ្វើការជាមួយនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មដើម្បីត្រួតពិនិត្យផលិតផលសាច់ជ្រូកនៅក្នុងទីផ្សារទីក្រុងវៀងច័ន្ទ ដើម្បីធានាពីសុវត្ថិភាពជូនប្រជាជន»។ លោកបានបន្ថែមទៀតថា ការត្រួតពិនិត្យនេះ គឺមានបំណងទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្រ្វិក និងដើម្បីធានាដល់ការផ្គត់ផ្គង់សាច់ជ្រូកឱ្យបានគ្រប់គ្រាន់ ទៅតាមតម្រូវការក្នុងស្រុក។
នាយកដ្ឋានកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានឃ្លាំមើល២៤ម៉ោងលើ២៤ម៉ោង នៅតាមដងផ្លូវទីក្រុងវៀងច័ន្ទ ដើម្បីតាមដាន និងពិនិត្យមើលការដឹកជញ្ជូនសាច់ជ្រូកចូលក្នុងរដ្ឋធានីឡាវ បន្ទាប់ពីអាជ្ញាធរខេត្តសាឡាវ៉ាន បានបញ្ជាក់ពីការផ្ទុះ រីលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក កាលពីដើមខែមិថុនាកន្លងទៅនេះ។
យោងតាមអង្គការសុខភាពសត្វពិភពលោក បានឱ្យដឹងថា អាការៈនៃការកើតមានជំងឺនេះ ត្រូវបានគេសម្គាល់តាមរយៈការឡើងក្តៅខ្លួនខ្លាំងរបស់សត្វជ្រូក ការមិនស៊ីចំណី មានការហូរឈាមតាមស្បែក និងសរីរាង្គខាងក្នុង ហើយពួកនឹងស្លាប់ជាមធ្យមនៅចន្លោះពេលរវាងពី២ថ្ងៃទៅ១០ថ្ងៃយ៉ាងយូរ៕