(ម៉ូស្គូ)៖ មជ្ឈមណ្ឌលស្រាវជ្រាវរុស្ស៊ី គ្រីឡូវ (Krylov) របស់ប្រទេសរុស្ស៊ីបានឱ្យដឹងថា នាវាផ្ទុកយន្ដហោះចម្បាំងស៊េរីថ្មី ដែលកំពុងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ នឹងមានសមត្ថភាពផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះដ្រូនច្រើនជាង ៤០គ្រឿង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមមជ្ឈមណ្ឌល Krylov នាវាផ្ទុកយន្ដហោះចម្បាំងថ្មីខាងលើ នឹងត្រូវផ្ដល់ឱ្យកងនាវារុស្ស៊ី ហើយនាវានេះគឺមានសមត្ថភាពផ្លាស់ទីជាមួយទម្ងន់ ៤០,០០០តោន។ វានឹងត្រូវចំណាយពេល ០៥ឆ្នាំក្នុងការផលិត ព្រមទាំងមានតម្លៃ ៣.១៣ពាន់លានដុល្លារ។ បើតាមមជ្ឈមណ្ឌល Krylov នាវាផ្ទុកយន្ដហោះចម្បាំងស៊េរីថ្មីនេះអាចនឹងក្លាយ ជាផ្ទះរបស់យន្ដហោះដ្រូនល្បាតសមុទ្រ និងយន្ដហោះចម្បាំង Su-57 ចំនួន ៤០គ្រឿង ឬអាចច្រើនជាងនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសរុស្ស៊ី ដែលជាមហាអំណាចយោធាលំដាប់ទី ២ នៅលើពិភពលោកនោះមាននាវាផ្ទុកយន្តហោះចម្បាំងត្រូវស្តង់ដា កំពុងបំពេញប្រតិបត្តិការតែមួយគ្រឿងប៉ុណ្ណោះ ខណៈមួយចំនួនទៀតត្រឹមតែបន្ទាប់បន្សំប៉ុណ្ណោះ និងមានសភាពចាស់ផងដែរ។ ដោយឡែកសហរដ្ឋអាមេរិកវិញមាននាវាដឹកយន្តហោះចម្បាំងខ្នាតធំសរុប ១១គ្រឿងកំពុងបំពេញប្រតិបត្តិការ ខណៈមួយគ្រឿងចុងក្រោយ និងធំជាងគេបំផុតឈ្មោះ USS Gerald R. Ford មានសមត្ថភាពផ្ទុកយន្តហោះចម្បាំង ៩០គ្រឿង៕