(ចិនដីគោក)៖ ទាក់ទិននឹងរឿងដែលក្រសួងការបរទេសអាមេរិក បានអនុញ្ញាតឱ្យមានការលក់អាវុធក្នុងតម្លៃសរុប ២២២០លានដុល្លារអាមេរិកទៅឱ្យចិនតៃវ៉ាន់ ប្រទេសចិនបានបង្ហាញពីគោលជំហរប្រឆាំងយ៉ាងដាច់ខាត។
ទង្វើរបស់ភាគីអាមេរិកបែបនេះបានរំលោភបំណានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីប្រកាសរួមទាំង៣ រវាងចិន និងអាមេរិក ក៏ដូចជាគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខដឹកនាំរវាងចិន និងអាមេរិកក្នុងកិច្ចជំនួបក្រុងអូសាកាផងដែរ នេះគឺជាការជ្រៀតជ្រែកទាំងគឃ្លើនចំពោះកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ភាគីអាមេរិកកំពុងប្រឡែងលេងជាមួយភ្លើង!
ប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានដោះស្រាយបញ្ហាទំនាក់ទំនងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់តាមទម្រង់សេចក្តីប្រកាសទាំងបី និងច្បាប់កំណត់មួយ។ សេចក្តីប្រកាសទាំងបី គឺសេចក្តីប្រកាសរួមទាំងបីរវាងចិន និងអាមេរិកដែលកំណត់ច្បាស់អំពីគោលការណ៍ចិនតែមួយពោលគឺអាមេរិក ទទួលស្គាល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន តៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន។
ក្នុងចំណោមនោះ សេចក្តីប្រកាស១៧ សីហា ឆ្នាំ១៩៨២ បានកំណត់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកត្រូវកាត់បន្ថយការលក់អាវុធឱ្យចិនតៃវ៉ាន់ជាបន្តបន្ទាប់ រហូតដល់ការដោះស្រាយនៅចុងក្រោយបំផុត។
ព្រមពេលជាមួយគ្នានេះ អាមេរិកបានផ្តល់ជំនួយផ្នែកយោធាដល់តៃវ៉ាន់តាមរូបភាពច្បាប់ ស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់ដែលជាច្បាប់ក្នុងប្រទេសរបស់ខ្លួន។ ការលក់សព្វាវុធទៅឱ្យតៃវ៉ាន់បានក្លាយជាកត្តាអវិជ្ជមានមួយដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិននិងអាមេរិក។ ក្នុងរយៈពេលជាង២ឆ្នាំ បន្ទាប់ពីរដ្ឋាភិបាល អាមេរិកអាណត្តិនេះឡើងកាន់អំណាច បានលក់សព្វាវុធទៅឱ្យតៃវ៉ាន់ចំនួន៤លើករួចហើយ ការលក់សព្វាវុធទៅឱ្យតៃវ៉ាន់គឺមិនត្រឹមតែដើម្បីបំពេញតាមតម្រូវការ ផលប្រយោជន៍របស់ឈ្មួញសព្វាវុធក្នុងប្រទេសអាមេរិកប៉ុណ្ណោះទេ ថែមទាំងប៉ុនប៉ងទប់ស្កាត់ប្រទេសចិនទៀងផង ។
ឧបាយកលរបស់អ្នកនយោបាយអាមេរិកមួយចំនួន ស្តីពីការយកតៃវ៉ាន់់មកគំរាមប្រទេសចិនគឺដាច់ខាតមិនអាចសម្រេចបានឡើយ។ បច្ចុប្បន្នត្រើយទាំងសងខាងនៃ ច្រកសមុទ្រតៃវ៉ាន់បានបង្កបង្កើតជាប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពស្អិតល្មួតបង្គួរ ចិនដីគោកជាដៃគូពាណិជ្ជកម្មជាទីផ្សារនាំចេញ ធំជាងគេ និងជាគោលដៅបណ្តាក់ទុនសំខាន់ជាងគេរបស់ចិនតៃវ៉ាន់។ នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុបនៃត្រើយទាំងសងខាងគឺលើសពី ២សែនលានដុល្លារអាមេរិក ប្រជាពលរដ្ឋចិនតៃវ៉ាន់ដែលមកដើរកម្សាន្តនៅចិនដីគោក មានចំនួនលើសពី៤លាននាក់ ត្រើយទាំងសងខាងកំពុងពន្លឿនការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា។
ដោយមកពីមូលហេតុនេះហើយ បានជាមានប្រព័ន្ធសារព័ត៌មានតៃវ៉ាន់បានចុះផ្សាយថា ឆ្លងតាមរយៈការកែទម្រង់និងបើកចំហរយៈពេល៤០ឆ្នាំ យើងបានកាន់តែ ខិតជិត គោលដៅស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ព្រមនិងមានមូលដ្ឋាននិងលក្ខខណ្ឌកាន់តែរឹងមាំសម្រាប់ជំរុញដំណើរបង្រួប បង្រួមជាតិនៃត្រើយទាំងសងខាងដោយសន្តិភាព នេះបើប្រៀបធៀបនឹងគ្រប់ដំណាក់កាលក្នុងប្រវតិ្តសាស្រ្ត។ គួរតែទទួលស្គាល់ថា ចិនដីគោកបាន និងកំពុងក្តាប់ជាប់នូវសិទ្ធិដឹកនាំនិងសិទ្ធិម្ចាស់ការក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាង។
ព្រមពេលជាមួយគ្នានេះ ស្របនឹងពេលដែលប្រទេសដែលបានបង្កើតចំណងការទូតជាមួយតំបន់តៃវ៉ាន់កាន់តែច្រើនឡើងបានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយបង្កើតទំនាក់ទំនងការទូត ឬក៏រៀបចំឱ្យមានទំនាក់ទំនងការទូតឡើងវិញ ជាមួយសាធារណរដ្ឋប្រជាមានិតចិន គោលការណ៍ចិនតែមួយទទួលបានការគាំទ្រ កាន់តែច្រើនឡើងៗក្នុងសហគមន៍អន្តរជាតិ។ ប្រទេសចិនចាំបាច់ត្រូវតែបង្រួបបង្រួមជាតិ ហើយប្រាកដជាអាចបង្រួបបង្រួមជាតិបាន ព្រោះវាគឺជានិន្នាការអភិវឌ្ឍន៍ នៃប្រវតិ្តសាស្រ្តដែលមិនថា កម្លាំងណាមួយក៏មិនអាចរារាំងបាននោះឡើយ។
នៅក្នុងកិច្ចជំនួបក្រុងអូសាកានាពេលកន្លងទៅថ្មីៗនេះ ប្រមុខរដ្ឋចិននិងអាមេរិកបានមូលគំនិតឯកភាពក្នុងការបន្តជំរុញទំនាក់ទំនងរវាងចិន និងអាមេរិកដោយផ្អែកលើ មូលដ្ឋានសម្របស្រួម សហប្រតិបត្តិការនិងស្ថិរភាព ព្រមនិងចាប់ដំណើរការឡើងវិញនូវការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយឈរលើមូលដ្ឋាន សមភាពនិងគោរពគ្នា។ ក្រោមបរិការណ៍បែបនេះ អាមេរិកនៅតែចចេសលក់អាវុធទៅឱ្យចិនតៃវ៉ាន់ម្តងទៀត គ្មានអ្វីគួរឱ្យសង្ស័យទេ គឺធ្វើផ្ទុយទាំងស្រុង នឹងគំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដែលមិនត្រឹមតែបានធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃ ច្រកសមុទ្រតៃវ៉ាន់ និងសុខសន្តិភាពនៃតំបន់នេះប៉ុណ្ណោះទេ ហើយក៏គ្មានអំណោយផលដល់ការដោះស្រាយការខ្វែងគំនិតគ្នាពាក់ព័ន្ធរវាង ចិននិងអាមេរិកផងដែរ។
អាវុធរបស់អាមេរិកគឺមិនអាចផ្តល់សន្តិសុខដល់ចិនតៃវ៉ាន់ទេ អនាគតនៃចិនតៃវ៉ាន់គឺស្ថិតនៅត្រង់ការបង្រួបបង្រួមជាមួយមាតុប្រទេសចិន សុខសុភមង្គលរបស់ពលរដ្ឋចិនតៃវ៉ាន់ គឺពឹងផ្អែកទៅលើការស្តារភាពរុងរឿងនៃប្រជាជាតិចិន។ កម្លាំងបរទេសណាមួយសុទ្ធតែមិនអាចប្រមាថ ពីការប្តេជ្ញាចិត្តនិងឆន្ទៈរបស់ប្រទេសចិន ក្នុងការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ក៏ដូចជាការគាំពារសុខសន្តិភាព នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ផងដែរ៕