(បរទេស)៖ យន្តហោះដឹកអ្នកដំណើរធុន A380 របស់ក្រុមហ៊ុនផលិតយន្តហោះបារាំង Airbus ដែលជាប្រភេទយន្តហោះដឹកអ្នកដំណើរ ធំជាងគេបំផុតនៅលើពិភពលោក កំពុងស្ថិតក្រោមការត្រួតពិនិត្យ រកមើលស្នាមប្រេះលើស្លាបរបស់ពួកវា នៅតាមក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោក។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។
ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ដែលធ្វើប្រតិបត្តិការយន្តហោះ Airbus ត្រកូល A380 បានចាប់ផ្តើមរៀបចំជាបណ្តើរៗ នូវការត្រួតពិនិត្យលើយន្តហោះប្រភេទនេះ ក្រោយមានការចេញសេចក្តីបង្គាប់ពី អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប (EASA) ឲ្យធ្វើយ៉ាងដូច្នោះ។ អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប បានបើកការស៊ើបអង្កេតមួយ ទៅលើយន្តហោះ Airbus A380 មួយចំនួន ខណៈម៉ូដែលយន្តហោះដឹកអ្នកដំណើរនេះ មានអាយុកាលលើសពី ១០ឆ្នាំ ហើយកាលពីថ្ងៃសុក្រសប្តាហ៍មុន EASA ក៏បានស្នើឲ្យអាកាចរណ៍នៅជុំវិញពិភពលោក ត្រួតពិនិត្យ Airbus 380 របស់ពួកគេ ក្រោយស្នាមប្រេះត្រូវបានរកឃើញនៅលើស្លាបរបស់យន្តហោះ A380 ស៊េរីដំបូងៗមួយគ្រឿង។
គួរជម្រាបថា ចំណាត់ការនេះនឹងប៉ះពាល់ជាជំហានដំបូងលើយន្តហោះ A380 ចំនួន ២៥គ្រឿង ដែលមានអាយុកាលចំណាស់ៗជាងគេ ក្នុងនោះរួមមាន Airbus A380 ដែលកំពុងស្ថិតក្រោមកម្មសិទ្ធិរបស់អាកាសចរណ៍អូស្រ្តាលី កាន់តាស់ (Qantas), អាកាសចរណ៍ អេមីរ៉ាត់ (Emirates) នៅឌូបៃ, អាកាសចរណ៍ក្នុងប្រទេសសិង្ហបុរី Singapore Airlines, អាកាសចរណ៍បារាំង អ៊ែរហ្វ្រង់ (Air France), អាកាសចរណ៍អាល្លឺម៉ង់ លូហ្វថាន់សា (Lufthansa) និងអាកាសចរណ៍ ម៉ាដហ្គាស្ការ (Madagascar) ដែលស្ថិតនៅកោះអាហ្រ្វិកខាងកើត។
ក្រោយលទ្ធផលត្រួតពិនិត្យខាងលើ អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប អាចនឹងស្នើឲ្យពង្រីកការត្រួតពិនិត្យលើ A380 ទាំងអស់តែម្តងនៅជុំវិញពិភពលោក ដែលមានចំនួន ២៣៧គ្រឿងក៏ថាបានដែរ។ យ៉ាងណាមិញ បញ្ហាអាចមានស្នាមប្រេះលើតួស្លាបនេះ គឺមិនដល់ថ្នាក់ត្រូវបង្ខំឲ្យ Airbus A380 ផ្អាកប្រតិបត្តិការទាំងស្រុងជាបណ្តោះអាសន្ននោះឡើយ៕