(អាមេរិក)៖ កងម៉ារីនអាមេរិកពីរនាក់ត្រូវបានចាប់ខ្លួន ពីបទលួចរត់ពន្ធជនអន្តោប្រវេសន៍ខុសច្បាប់ ពីម៉ិចស៊ីកូ ចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកជាថ្នូរនឹងលុយសំណូក។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។
កងម៉ារីនអាមេរិកទាំងពីររូបមានឈ្មោះ បាយរុន ដាណែល ឡរ (Byron Darnell Law II) និង ដេវីដ ហ្សាវៀ សាឡាហ្សា (David Javier Salazar-Quintero) ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែកក្កដា ក្នុងក្រុងហ្សាឃ្យូមបា (Jacumba) នៃរដ្ឋកាលីហ្វរញ៉ា ជាប់ព្រំដែនប្រទេសម៉ិចស៊ីកូ។ លោក Law និង Salazar ដែលឈរជើងនៅបន្ទាយភែនឡេតុន (Camp Pendleton) ក្បែរទីក្រុងសាឌីហ្គោ (San Diego) ត្រូវបានចោទប្រកាន់ពីបទលួចនាំយក ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ០៣នាក់ពីម៉ិចស៊ីកូ ចូលមកដីអាមេរិកដោយចេតនាជាថ្នូរនឹងលុយកាក់។
គួរជម្រាបថា ជនអន្តោប្រវេសន៍ជាជនជាតិម៉ិចស៊ីកូទាំង ០៣នាក់ខាងលើ ដែលធ្វើដំណើរក្នុងរថយន្តរបស់កងម៉ារីនទាំងពីររូប បានត្រៀមនឹងប្រគល់លុយសរុបចំនួន ៨,០០០ដុល្លារ សម្រាប់ការលួចដឹកពួកគេចូលមកក្នុងទឹកដីអាមេរិក ប៉ុន្តែវាមិនច្បាស់ថា លុយទាំងនោះនឹង ត្រូវប្រគល់ទៅឲ្យលោក Law និង Salazar ឬមួយក៏បុគ្គលណាផ្សេងទៀតឡើយ។
នេះមិនមែនជាលើកទីមួយនោះទេដែលមានការរកឃើញថា ទាហានអាមេរិក បានជួយជនអន្តោប្រវេសន៍ឆ្លងចូលមកសហរដ្ឋអាមេរិកដោយខុសច្បាប់។ ករណីស្រដៀងៗគ្នានេះ ក៏ធ្លាប់កើតមានកាលពីឆ្នាំ២០១៤, ២០១៧ និងឆ្នាំ២០១៨ ផងដែរ៕