(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃពុធនេះបាននិយាយថា ការដាក់កំហិតលើការលក់វត្ថុធាតុដើមសំខាន់ៗរបស់ជប៉ុន ដល់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បួង អាចនឹងបន្តអូសបន្លាយយូរទៀត ហើយរដ្ឋាភិបាលរបស់លោកនឹងបង្កើនការចំណាយ ដើម្បីជួយកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។
ប្រទេសជប៉ុនកាលពីសប្ដាហ៍មុននេះ បានប្រកាសអនុវត្តន៍វិធានការរឹតត្បិត លើការនាំចេញវត្ថុធាតុដើមសំខាន់ៗចំនួន ០៣ ដែលចាំបាច់ក្នុងការផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទស្មាតហ្វូន ដោយសារតែជម្លោះជាមួយទីក្រុងសេអ៊ូល ជុំវិញសាលក្រមសម្រេចរបស់តុលាការកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៨ ដែលបានតម្រូវឱ្យក្រុមហ៊ុនជប៉ុនមួយចំនួន សងថ្លៃខូចខាតដល់ប្រជាជនកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការទាំងគ្មានប្រាក់ខែ នៅក្នុងវិស័យឧស្សហកម្មជប៉ុន កាលពីសម័យសង្រ្គាមលើកលោកទី ២។
ជុំវិញការរឹត្បិតនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានបញ្ជាក់នៅក្នុងជំនួប ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនកូរ៉េខាងត្បូងធំៗទាំង ៣០ នៅថ្ងៃពុធនេះយ៉ាងដូច្នេះថា «ស្ថានភាព បច្ចុប្បន្ននឹងបន្តអូសបន្លាយទៅមុខ... ដូច្នេះហើយយើងគ្មានជម្រើសអ្វីផ្សេងក្រៅតែពីការបង្កើនការ ចំណាយ ដើម្បីជួយដល់ក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើម និងបរិក្ខានៅក្នុងស្រុកនោះឡើយ»។
គួរបញ្ជាក់ថា នៅក្នុងជំនួបនោះលោក មូន ក៏បានទាត់ចោលផងដែរការចោទប្រកាន់របស់
អ្នកនយោបាយជប៉ុនម្នាក់ដែលថា កូរ៉េខាងត្បូងបានដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុ hydrogen fluoride ដែលនាំចូលពីជប៉ុនទៅកាន់កូរ៉េខាងជើង។ សម្រាប់ការដាក់កំហិតរបស់ជប៉ុននេះដែរ ត្រូវបានគេមើលឃើញថា នឹងបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងដូចជា Samsung និង LG ហើយសម្រាប់ក្រុមហ៊ុនចិន Huawei និងអាមេរិក Apple ក៏នឹងរងគ្រោះដូចគ្នា៕