(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នាថ្ងៃអង្គារសប្តាហ៍នេះ បានចេញបញ្ជាជាលើកចុងក្រោយ ក្នុងនាមជាប្រមុខរដ្ឋាភិបាលយោធាថៃ ឲ្យបិទបញ្ចប់របបសឹកនេះជាផ្លូវការ មុនពេលរដ្ឋាភិបាលស៊ីវិលរបស់លោក ត្រូវស្បថចូលកាន់តំណែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។
ចាប់តាំងតែពីលោក ប្រាយុទ្ធ បានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ២០១៤ រដ្ឋាភិបាលយោធារបស់លោកបានចេញបទបញ្ជាសរុបជាង ៥០០ នៅក្រោមមាត្រាដែលគេហៅថា «មាត្រា៤៤» ដែលកន្លងមកនេះបានអនុញ្ញាតឲ្យរូបលោករំលងច្បាប់មួយចំនួន ក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃបាន។ បទបញ្ជារបស់លោក ប្រាយុទ្ធ កាលពីថ្ងៃអង្គារ គឺជាបទបញ្ជាចុងក្រោយបំផុតនៃរបបយោធាថៃ ដោយក្នុងនោះក៏រួមមានការដកចេញវិញនូវកំហិតនានា ដែលត្រូវបានដាក់ទៅលើប្រព័ន្ធផ្សព្វផ្សាយ និងការសម្រេចផ្ទេរសំណុំរឿងរដ្ឋប្បវេណី ពីតុលាការយោធាទៅកាន់តុលាការស៊ីវិលវិញផងដែរ។
យ៉ាងណាមិញ បញ្ជាមួយចំនួនដែលបានដាក់ចេញក្រោមរដ្ឋាភិបាលយោធា ក៏នឹងនៅតែបន្តដដែល។ តួយ៉ាងដូចជាការផ្តល់អំណាចឲ្យប៉ូលិស និងកងទ័ពធ្វើការឆែកឆេរ កោះហៅ និងឃាត់ខ្លួនជនសង្ស័យបានរយៈពេល ០៧ថ្ងៃ ដរាបណាវាស្ថិតក្រោមហេតុ ផលសន្តិសុខជាតិ។ ឧបនាយករដ្ឋមន្រ្តីថៃ លោក វីស្សានុ គ្រាងាំ (Wissanu Kreangam) បានលើកឡើងថា បទបញ្ជាទាំងឡាយដែលនឹងត្រូវរក្សាឲ្យនៅដដែល គឺដោយសារពួកវាមានសារៈសំខាន់ ប៉ុន្តែសភាក៏អាចកែប្រែបទបញ្ជាទាំងនោះបានដែរ។
គួរជម្រាបថា បើតាមលោក ប្រាយុទ្ធ ចាន់អូចា រដ្ឋាភិបាលស៊ីវិលរបស់លោក នឹងឡើងគ្រប់គ្រងប្រទេសជាផ្លូវការនៅកំឡុងពាក់ កណ្តាលខែកក្កដានេះ៕