(ទ្រីប៉ូលី)៖ មនុស្សសរុបកើនដល់១,០៤៨នាក់បានបាត់បង់ជីវិត និងប្រមាណ៥,៥៥៨នាក់ទៀតបានរងរបួស ក្នុងការប្រយុទ្ធគ្នានៅទីក្រុង ទ្រីប៉ូលីនៃប្រទេសលីប៊ី ដែលបានបន្តអូសបន្លាយប៉ុន្មានខែមកហើយ។ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។
បើតាមអង្គការ WHO ស្របពេលដែលជម្លោះប្រដាប់អាវុធខាងលើ បានបន្តឈានចូលដល់ខែទីបួន តួលេខនៃអ្នកស្លាប់បានកើន ដល់ចំនួន១,០៤៨នាក់ ក្នុងនោះ១០៦នាក់ជាជនស៊ីវិល រីឯក្នុងចំណោមអ្នករងរបួសទាំង៥,៥៥៨នាក់ មានជនស៊ីវិល២៨៩នាក់។ WHO បានបញ្ជាក់ថា អង្គការបានបន្តបញ្ជូនក្រុមគ្រូពេទ្យ និងសម្ភារៈវេជ្ជសាស្រ្ត ដើម្បីជួយដល់មន្ទីរពេទ្យនានា នៅក្នុងតំបន់ ។
ទន្ទឹមគ្នានេះ ស្ថាប័នបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ី ហៅកាត់ថា UNSMIL ក៏បានអំពាវនាវឲ្យមាន បទឈប់បាញ់ជាបន្ទាន់ផងដែរ រវាងកងទ័ពលីប៊ីដែលមានមូលដ្ឋាននៅភាគខាងកើត និងដឹកនាំដោយ លោក Khalifa Haftar ដែលកាលពីដើមខែមេសាកន្លងទៅ បានបើកប្រតិបត្តិការយោធាដើម្បីដណ្តើមយករដ្ឋធានីលីប៊ី និងរដ្ឋាភិបាលលីប៊ីមានមូលដ្ឋាននៅទ្រីប៉ូលី ដែលគាំទ្រ ដោយ អង្គការសហប្រជាជាតិ។
គួរជម្រាបថា លីប៊ីបានបន្តស្ថិតក្រោមអស្ថិរភាពឬអំពើហិង្សា ចាប់តាំងតែពីការដួលរលំនៃរបបដឹកនាំរបស់លោក Muammar Gaddafi កាលពីឆ្នាំ២០១១៕