សារព័ត៌មានរុស្ស៊ី ជាប់បម្រាមចូលរួមសន្និសីទសេរីភាពសារព័ត៌មាន នៅអង់គ្លេស (Video inside)
09-07-2019 21:42
(ឡុងដ៍)៖ សារព័ត៌មានរុស្ស៊ី RT និង Sputnik ត្រូវបានជាប់បម្រាមចូលរួមក្នុងសន្និសីទស្ដីពី សេរីភាពសារព័ត៌មាន នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយសារតែមានការចោទប្រកាន់ថា សារព័ត៌មានទាំងពីរនេះចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។
រដ្ឋមន្ត្រី៦០រូប និងអ្នកសារព័ត៌មានជាង១,០០០នាក់ នឹងត្រូវចូលរួមក្នុងសន្និសីទសេរីភាព សារព័ត៌មានដែលរៀបចំឡើង ក្នុងទីក្រុងឡុងដ៍ នៅសប្ដាហ៍នេះ។ ប៉ុន្តែ ការិយាល័យកិច្ចការ បរទេសអង់គ្លេស បានដាក់បម្រាមលើ RT និង Sputnik ខណៈទីក្រុងម៉ូស្គូហៅបម្រាមនេះថាជា «ចេតនានយោបាយ»។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរអង់គ្លេសធ្លាប់ចោទប្រកាន់ថាសារព័ត៌មាន RT និង Sputnik បានរំលោភលើច្បាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន តាមរយៈការចុះផ្សាយជាបន្តបន្ទាប់នូវ អត្ថបទពាក់ព័ន្ធនឹងការបំពុលប៉ុនប៉ងសម្លាប់ អតីតទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia នៅទីក្រុង Salisbury៕