(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមហើយក្នុងការលក់អាវុធជាលក្ខណៈ ទ្រង់ទ្រាយធំ មានតម្លៃជាង ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានពីចិនក៏ដោយ៕
២៖ ប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មីរបស់រុស្ស៊ីគឺ S-500 នឹងត្រូវមានតួនាទីជាចម្បងក្នុងការទប់ស្កាត់ ការវាយប្រហារ ដែលមានប្រភពមកពីទីអវកាស ខណៈដែលសហរដ្ឋអាមេរិកកំពុងតែមានគំរោងបង្កើត កងទ័ពអវកាស ដោយសំអាងថា ដើម្បីការពារការវាយប្រហារណាមួយពីទីអវកាសដូចគ្នា៕
៣៖ យោធាជើងទឹកឥណ្ឌាបានឲ្យដឹងនាដើមសប្តាហ៍នេះថា នាវាផ្ទុកយន្តហោះចម្បាំងដែលជាស្នាដៃផលិត ក្នុងស្រុកដំបូងគេបំផុតរបស់ឥណ្ឌាមានឈ្មោះថា វីក្រានត៍ (Vikrant) នឹងចាប់ផ្តើមដំណើរការសាកល្បងនៅ ឆ្នាំ២០២០ ហើយនឹងអាចធ្វើប្រតិបត្តិការ ដោយពេញលេញជាផ្លូវការនៅឆ្នាំ២០២១៕
៤៖ អភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានប្រកាសថា កិច្ចការងារទាំងឡាយពាក់ព័ន្ធនឹង ច្បាប់ធ្វើបត្យាប័នជនសង្ស័យឲ្យអាជ្ញាធរចិនដីគោក ដែលជាដើមហេតុនៃការផ្ទុះមហាបាតុកម្ម និងអំពើហិង្សាយ៉ាង កក្រើកនាពេលកន្លងមកនេះ គឺបានរលាយអស់ហើយ៕
៥៖ ឥណ្ឌូណេស៊ីនាថ្ងៃអង្គារនេះ បានឲ្យដឹងថា ខ្លួននឹងបញ្ជូនសំរាមជាង២១០តោន ត្រឡប់ទៅអូស្រ្តាលីវិញ ស្រប ពេលដែលប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងព្យាយាមលុបលាងឈ្មោះជាកន្លែងចាក់សំរាមរបស់ប្រទេសដទៃ៕
៦៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃចន្ទសប្តាហ៍នេះថា គណៈប្រតិភូរបស់រដ្ឋាភិបាលលោក បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយនិង ភាគីគណបក្សប្រឆាំងហើយ នៅប្រទេសដីកោះបាបាដូស (Barbados) ស្ថិតនៅសមុទ្រការីបៀន៕