(ម៉ូស្គូ)៖ រុស្ស៊ីសង្ឃឹមថា នឹងទទួលបានប្រាក់ទូទាត់ជាមុនលើប្រព័ន្ធមីស៊ីល S-400 ពីឥណ្ឌា នៅចុងឆ្នាំ២០១៩នេះ ដើម្បីចាប់ផ្ដើមការប្រគល់នៅឆ្នាំ២០២០ និងបញ្ចប់ការដំឡើងទាំងស្រុង នៅឆ្នាំ២០២៥។ នេះបើតាមការគូសបញ្ជាក់ពីលោក វ៉្លាឌីមៀ ដ្រូសហ្សូវ (Vladimir Drozhzhov) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។
លោក Vladimir Drozhzhov ជានាយករងសេវាកម្មសហព័ន្ធ សម្រាប់កិច្ចសហប្រតិបត្តិការ បច្ចេកទេស-យោធា (FSMTC) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានរុស្ស៊ីថា ឥណ្ឌានឹងទទួលបានប្រព័ន្ធមីស៊ីល S-400 ទាំងស្រុងនៅត្រឹមឆ្នាំ២០២៤-២០២៥។
ឥណ្ឌាបានចុះហត្ថលេខាទិញ S-400 ពីរុស្ស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ក្នុងតម្លៃប្រមាណ ៥ពាន់លានដុល្លារអាមេរិក ហើយកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង នៅកំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រយៈពេល ០២ថ្ងៃនៅក្នុងទីក្រុងញួដេលី។
ទោះបីជាអ្វីៗបានសម្រេចទៅហើយក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែបានចេញសារព្រមានជារឿយៗថា ទីក្រុងញូដេលី អាចនឹងប្រឈមមុខនឹងទណ្ឌកម្មអាមេរិក បើមិនព្រមបោះចោលគម្រោងទិញ S-400 ទេនោះ។ មិនត្រឹមតែ S-400 នោះទេ ឥណ្ឌាបច្ចុប្បន្នក៏មានប្រើប្រាស់អាវុធផលិតនៅរុស្ស៊ីជាច្រើនប្រភេទទៀតផងដែរ ដូចជានាវាដឹកយន្តហោះចម្បាំង និងយន្តហោះចម្បាំងជាដើម៕