(ញូដេលី)៖ យោធាជើងទឹកឥណ្ឌាបានឲ្យដឹងនាដើមសប្តាហ៍នេះថា នាវាផ្ទុកយន្តហោះចម្បាំង ដែលជាស្នាដៃផលិតក្នុងស្រុកដំបូងគេបំផុតរបស់ឥណ្ឌាមានឈ្មោះថា វីក្រានត៍ (Vikrant) នឹងចាប់ផ្តើមដំណើរការសាកល្បងនៅឆ្នាំ២០២០ ហើយនឹងអាចធ្វើប្រតិបត្តិការ ដោយពេញលេញជាផ្លូវការនៅឆ្នាំ២០២១។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។
បច្ចុប្បន្នកងទ័ពជើងទឹកឥណ្ឌា កំពុងធ្វើប្រតិបត្តិការនាវាផ្ទុកយន្តហោះចម្បាំងតែមួយគ្រឿងគត់ មានឈ្មោះថា INS វីក្រាម៉ាទិត្យា (INS Vikramaditya) ដែលផលិតដោយរុស្ស៊ី។ មេទ័ពជើងទឹកឥណ្ឌាលោក សាសេណា (Saxena) បានបញ្ជាក់ថា ដំណើរការសាងសង់នាវាខាងលើ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្ម ហើយវានឹងត្រូវប្រគល់មកទ័ពជើងទឹកឥណ្ឌា ដើម្បីចាត់ចែងដាក់ឲ្យធ្វើប្រតិបត្តិការ នៅក្រោមទីបញ្ជាការទ័ពជើងទឹកប្រចាំភាគខាងកើត យ៉ាងហោចណាស់នៅឆ្នាំ២០២១។
គួរជម្រាបថា នាវាផ្ទុកយន្តហោះចម្បាំង Vikrant ពេលសាងសង់រួចរាល់ នឹងមានបណ្តោយ ២៦០ម៉ែត្រ និងទទឹង ៥០ម៉ែត្រ។ វាត្រូវបានរចនាឡើង ដើម្បីផ្ទុកយន្តហោះចម្បាំង MiG-29K ចំនួន ១២គ្រឿង យន្តហោះប្រយុទ្ធធុនស្រាល តេចាស់ (Tejas) ចំនួន ០៨គ្រឿង រួមជាមួយ ឧទ្ធម្ភាគចក្រស៊ើបការណ៍ និងប្រឆាំងនាវាមុជទឹកប្រមាណ ១០គ្រឿង ព្រមទាំងនាវិកសរុបជាង ១,៥០០នាក់៕