សហរដ្ឋអាមេរិក លក់អាវុធមានតម្លៃ ២.២ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ ដោយមិនខ្វល់ពីការព្រមាន របស់ចិន (Video inside)
09-07-2019 08:33
(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមហើយក្នុងការលក់ អាវុធជាលក្ខណៈទ្រង់ទ្រាយធំ មានតម្លៃជាង ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់ បើទោះជាមាន ការព្រមានពីចិនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។
សភាអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះ បានឱ្យដឹងដែរថា ក្រសួងការបរទេសអាមេរិក បានអនុម័តលើ ការលក់រថក្រោះ M1A2T Abrams ១០៨គ្រឿង បូកជាមួយបរិក្ខាពាក់ព័ន្ធ និងមីស៊ីល Stinger ២៥០គ្រឿង តបតាមសំណើរបស់កោះតៃវ៉ាន់។ រថក្រោះទាំងនេះត្រូវបានគេប៉ាន់ប្រមាណមានតម្លៃ ២ពាន់លានដុលា្លរ រីឯមីស៊ីល Stinger មានតម្លៃ ២២៣លានដុល្លារ។
គួរបញ្ជាក់ថា កាលពីខែមីនា ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានអះអាងថា អាវុធដែលទីក្រុងតៃប៉ិ បញ្ជាទិញពីសហរដ្ឋអាមេរិក នឹងជួយដល់ដែនកោះមួយនេះបង្កើនសមត្ថភាព ការពារជាតិ ទាំងគោក និងអាកាស ហើយវាក៏បង្ហាញផងដែរពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពារកោះតៃវ៉ាន់។ ប៉ុន្តែ ក្រសួងការពារជាតិចិនធ្លាប់បានព្រមានថាការលក់អាវុធឱ្យកោះតៃវ៉ាន់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីអាមេរិក និងចិន ខណៈភាគីទំាងពីរកំពុងស្វះស្វែងរក កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមពាណិជ្ជកម្ម៕