(ប៊ែរឡាំង)៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានចេញមុខបដិសេធចំពោះសំណើ ពីសំណាក់បេសកជនពិសេសរបស់អាមេរិក ដែលទទួលបន្ទុកបញ្ហាស៊ីរី ស្តីពីការទាមទារឲ្យទីក្រុងប៊ែរឡាំងបញ្ជូនកងទ័ពទៅកាន់ប្រទេសស៊ីរី ដើម្បីជួយជំនួសកម្លាំងទ័ពរបស់​អាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Seibert បានគូសបញ្ជាក់ថា ការបញ្ជូនកងទ័ពអាល្លឺម៉ង់ដោយផ្ទាល់​ទៅកាន់ស៊ីរី គឺមិនស្របជាមួយយុទ្ធសាស្រ្តរបស់ប្រទេសអាល្លឺម៉ង់ នៅក្នុងកិច្ចប្រឹងប្រែងរួមអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំង ISIS នោះឡើយ។ ​ លោក Seibert ក៏រំលឹកផងដែរថា ជាច្រើនឆ្នាំកន្លងមកនេះ អាល្លឺម៉ង់បានចូលរួមចំណែកយ៉ាងច្រើន ដែលត្រូវបានទទួលស្គាល់​ជាអន្តរជាតិ នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងពួក ISIS នៅក្នុងប្រទេសស៊ីរី។

គួរជម្រាបថា ការបដិសេធនេះធ្វើឡើងបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោន តាមរយៈបេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាស៊ីរី លោក James Jeffrey បានស្នើឲ្យអាល្លឺម៉ង់ដាក់ពង្រាយទ័ពនៅស៊ីរី ដើម្បីជួយជំនួសកម្លាំងទ័ពអាមេរិក។ បច្ចុប្បន្នអាល្លឺម៉ង់ កំពុងផ្តល់យន្តហោះស៊ើបការណ៍ យន្តហោះសម្រាប់ចាក់សាំង និងគ្រូបង្ហាត់ផ្នែកយោធា ដែលឈរ​ជើងនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលវាគឺជាការចូលរួមចំណែករបស់ទីក្រុងប៊ែរឡាំង ក្នុងកិច្ចប្រឹងប្រែងអន្តរជាតិប្រឆាំងនឹងក្រុម ISIS៕