(អាតែន)៖ លោក Kyriakos Mitsotakis ដែលជាប្រធានគណបក្សអភិរក្សនិយមប្រជាធិបតេយ្យថ្មី (New Democracy) នាថ្ងៃចន្ទនេះ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសក្រិច ក្រោយពីគណបក្សលោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោត​សកលមុនអាណត្តិកាលពីថ្ងៃអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។

ពិធីស្បថកាន់តំណែងត្រូវបានរៀបចំឡើងនៅឯវិមានប្រធានាធិបតីក្រិច។ ក្រោយមកលោក Mitsotakis វ័យ៥១ឆ្នាំ ក៏បានឆ្ពោះទៅ​កាន់វិមាននាយករដ្ឋមន្រ្តីក្រិចហៅថា Maximos Mansion ដើម្បីទទួលភារកិច្ចបន្តពីអតីតនាយករដ្ឋមន្រ្តី គឺលោក Alexis Tsipras។ គណបក្ស SYRIZA របស់លោក Tsipras ទទួលបានសំឡេងគាំទ្រ៣១.៤ភាគរយ ជាមួយអាសនៈចំនួន៨៦ ខណៈគណបក្ស New Democracy របស់លោក Mitsotakis ទទួលបានសំឡេងគាំទ្រ៣៩.៨៥ភាគរយ ជាមួយអាសនៈ១៥៨ ក្នុងចំណោមអាសនៈ​​សរុបចំនួន៣០០អាសនៈ។

គួរជម្រាបថា លើកចុងក្រោយដែលនាយករដ្ឋមន្រ្តីក្រិច បានឡើងកាន់អំណាច ជាមួយសំឡេងភាគច្រើននៅក្នុងសភាបែបនេះ គឺកាលពីខែតុលា ឆ្នាំ២០០៩ នៅពេលលោក George Papandreou និងគណបក្សសង្គមនិយម PASOK របស់លោក បានទទួលជ័យជម្នះយ៉ាងធំធេង គឺនៅមុន​​ការចាប់ផ្តើមនៃវិបត្តិបំណុលរដ្ឋាភិបាលក្រិចតែបន្តិចប៉ុណ្ណោះ។ រីឯការបោះឆ្នោតសកលខាងលើ ក៏ជាលើកដំបូងផងដែរ គិត​តាំង​តែពីក្រិចបានបញ្ចប់ការទទួលប្រាក់កម្ចីពីអឺរ៉ុបដល់ទៅបីលើក ដែលមានទំហំជិត៣៦០ពាន់លានដុល្លារ ដើម្បីរំដោះបំណុល៕