(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការរិះគន់ដ៏គួរឱ្យភ្ញាក់ផ្អើល លើស្ថានីយទូរទស្សន៍ Fox News ដោយចោទប្រកាន់បណ្ដាញព័ត៌មានជាទីពេញចិត្តរបស់លោក មួយនេះថា បានលំអៀងទៅខាងគណបក្សប្រជាធិបតេយ្យ និងស្រង់ប្រភពព័ត៌មានក្លែងក្លាយពី New York Times។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។
ថ្លែងនៅលើ Twitter លោក ត្រាំ ក៏បានបញ្ជាក់ដែរថាអង្គុយមើលទូរទស្សន៍ Fox News គឺអាក្រក់ជាងមើលទូរទស្សន៍ព័ត៌មានក្លែងក្លាយដូចជា CNN ទៅទៀត។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថា តើមិនសប្បាយចិត្តចំពោះ Fox News ដោយសាររឿងអ្វីឱ្យប្រាកដនោះទេ ដោយគ្រាន់តែលោកបានបន្ថែមថា បណ្ដាញទូរទស្សន៍មួយនេះបានធ្វើកំហុសមួយ តាមរយៈការផ្ដល់ការងារឱ្យលោកស្រី ដុនណា ប្រេស៊ីល (Donna Brazile) ដែលធ្លាប់ដឹកនាំគណៈកម្មាធិការជាតិ នៃបក្សប្រជាធិបតេយ្យពីខែកក្កដា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០១៧។
គួរជម្រាបថា ភាពចម្រូងចម្រាសរវាងលោក ត្រាំ និង Fox News កើតមានឡើងក្រោយបណ្ដាញ ទូរទស្សន៍មួយនេះស្រង់ប្រភពពី New York Times នៅក្នុងសេចក្ដីរាយការណ៍មួយរបស់ខ្លួន ហើយដែលប្រភពនេះបានចោទប្រកាន់ថា មន្ទីរឃុំឃាំងមួយក្នុងទីក្រុង គ្លីនត៍ (Clint) នៃរដ្ឋតិចសាស់ គឺជាកន្លែងឃុំឃាំងកុមារអន្តោប្រវេសន៍ខុសច្បាប់រាប់រយនាក់៕