(ឡុងដ៍)៖ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អង់គ្លេស British Airways កំពុងប្រឈមនឹងការផាកពិន័យជិត ២៤០លានដុល្លារជុំវិញការធ្វេសប្រហែស ដែលបាននាំឲ្យលេចធ្លាយពត៌សំខាន់ៗរបស់អតិថិជនកាលពីឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។
កាលពីឆ្នាំ២០១៨ ក្រុមចោរព័ត៌មានវិទ្យា (Hacker) បានលួចយកព័ត៌មានឯកជន និងព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជនរាប់សែននាក់ ពីវែបសាយព្រមទាំងកម្មវិធី App របស់អាកាសចរណ៍ British Airways កាលពីឆ្នាំ២០១៨។ ឥឡូវនេះអាជ្ញាធរអង់គ្លេស បានសម្រេចដាក់ពិន័យជាទឹកប្រាក់ចំនួន ២៣៦លានដុល្លារ ចំពោះក្រុមហ៊ុន British Airways នៅក្រោមច្បាប់ការពារទិន្នន័យរបស់អង់គ្លេស។
គួរជម្រាបថា ព័ត៌មានពាក់ព័ន្ធប័ណ្ណទូទាត់ប្រាក់របស់អតិថិនជន British Airways ជាង ៣៨០,០០០នាក់ ត្រូវបានពួក Hacker លួចយកទៅ ខណៈប្រធានក្រុមហ៊ុន British Airways លោក អេឡិច គ្រូស (Alex Cruz) បានសម្តែងការខកចិត្តជាខ្លាំង ចំពោះការសម្រេចដាក់ពិន័យខាងលើ។ រីឯក្រុមហ៊ុន IAG ដែលជាម្ចាស់របស់ British Airways បានអះអាងថា British Airways នឹងប្តឹងតវ៉ាចំពោះការពិន័យនេះ ៕