Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ «ព្រលះឯកអគ្គរាជទូតអង់គ្លេសប្រចាំវ៉ាស៊ីនតោន» ក្រោយការបែកធ្លាយសាររិះគន់លោកពីក្រោយខ្នង...

08-07-2019 11:28

(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អគ្គរាជទូតអង់គ្លេស ប្រចាំទីក្រុងវ៉ាស៊ីនតោនលោក គីម ដារ៉ូច (Kim Darroch) មិនបានធ្វើកិច្ចការល្អណាមួយ​ឱ្យអង់គ្លេសទាល់តែសោះ ហើយការលើកឡើងបែបនេះគឺជាការឆ្លើយតបទៅនឹងលោក Darroch ដែលបានចាត់ទុករូបលោកជាមនុស្សគ្មានសមត្ថភាព។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។

ស្ថិតនៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «អគ្គរាជទូតលោក Darroch មិនបានធ្វើកិច្ចការ ឬរឿងល្អណាមួយឱ្យអង់គ្លេស ទាល់តែសោះ... នេះជាអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នា។ យើងក៏មិនមែនជាអ្នកគាំទ្រដ៏ធំ របស់បុរសម្នាក់នេះដែរ គាត់មិនដែលធ្វើរឿងល្អសម្រាប់អង់គ្លេសទេ ហើយខ្ញុំអាចនិយាយ រឿងជាច្រើនពីបុរសម្នាក់នេះ តែខ្ញុំនឹងមិនខ្វាយខ្វល់អ្វីឡើយ»។

គួរជម្រាបថា ប្រតិកម្មរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្រោយសារព័ត៌មានអាមេរិកនានា នាំគ្នាចុះផ្សាយថា លោក Darroch បានហៅ និងចាត់ទុកប្រធានាធិបតីអាមេរិករូបនេះជា «មនុស្សគ្មានសមត្ថភាព និងភាពប្រាកដប្រជា»។ លោក Darroch លើកឡើងបែបនេះនៅក្នុង សារសំងាត់ជាច្រើនចុះកាលបរិច្ឆេទឆ្នាំ២០១៧ រហូតមកទល់នឹងបច្ចុប្បន្ន ដែលត្រូវបានផ្ញើ ចេញពីសហរដ្ឋអាមេរិក ទៅកាន់ក្រសួងការបរទេសអង់គ្លេស។ ទន្ទឹមគ្នានោះ ក្រសួងការបរទេសអង់គ្លេសក៏បានបើកការស៊ើបអង្កេត លើការលេចធ្លាយសារទាំងនេះផងដែរ៕