(បាងកក)៖ បុរសជនជាតិថៃម្នាក់បានប្រគល់ខ្លួនឱ្យប៉ូលិស បន្ទាប់ពីរូបគេបានបាញ់សម្លាប់ប្រពន្ធខ្លួនឯង នៅក្នុងស្រុកឆាឡឺមប្រាកៀត (Chalerm Phra Kiat) នៃខេត្តភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post កាលពីថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមប៉ូលិសថៃ បុរសខាងលើមានឈ្មោះ កាឆនសាក់ នួនភូន (Kachornsak Nuanpoon) អាយុ ៤៣ឆ្នាំបានប្រគល់ខ្លួនឱ្យប៉ូលិសប្រចាំស្រុកមួង (Muang) ជាមួយកាំភ្លើងខ្លីមួយដើម នៅព្រឹកថ្ងៃអាទិត្យដដែល ហើយលោកផ្ទាល់ក៏បានចាត់ទុកផងដែរថា ទង្វើដែលខ្លួនបានធ្វើគឺជារឿងមិនអាច អត់ឱនឱ្យបាន។
លោក Kachornsak ដែលជាជំនួយការស្ម័គ្រចិត្តប៉ូលិសប្រចាំស្រុក Muang បានរៀបរាប់ បន្ថែមថា ហេតុការណ៍ខាងលើបានកើតឡើងនៅម៉ោង ២៖០០នាទីទៀបភ្លឺថ្ងៃអាទិត្យ ខណៈលោកកំពុងឡើងឋានសួគ៌ាជាមួយសាហាយស្មន់ នៅក្នុងផ្ទះជួលមួយកន្លែងនៅក្នុងតំបន់ ថាងភូន (Thang Poon)។ ប៉ុន្តែទន្ទឹមគ្នានោះស្រាប់តែលឺសំឡេងគេយករបស់អ្វីមួយគប់បង្អួចផ្ទះ។
ភ្លាមៗនោះលោកក៏បានសង្ស័យថា អាចមានចោរ ឬពួកញៀនថ្នាំប្រុងសម្រុកចូលក្នុងផ្ទះ លោកក៏ទាញកាំភ្លើងបាញ់តាមបង្អួច ស្រាប់តែរំពេចនោះលោកបានលឺសំឡេង ប្រពន្ធរបស់ខ្លួនស្រែកហៅថា «បង... គឺអូនទេ»។ ពេលចេញមកក្រៅក៏ឃើញប្រពន្ធរបស់ខ្លួនឈ្មោះនាង ម៉ុនថាធីប (Monthathip) ដេកដួលក្នុងថ្លុកឈាម ហើយបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ មហារ៉ាត់ ណាខន ស៊ី ថាំម៉ារ៉ាត់ (Maharat Nakhon Si Thammarat)។
គួរបញ្ជាក់ថា នៅក្រោយពេលប្រគល់ខ្លួនឱ្យប៉ូលិស លោក Kachornsak Nuanpoon បាន បង្ហាញការសោកស្ដាយជាខ្លាំង និងសូមទោសចំពោះអ្វីដែលបានកើតឡើង។ លោកបាននិយាយថា ប្រពន្ធរបស់លោកគឺជាស្រ្តីដ៏ល្អម្នាក់ និងជាអ្វីៗគ្រប់យ៉ាងសម្រាប់ជីវិតលោក តែមិនស្មានថា លោកខ្លួនឯងធ្វើរឿងដែលមិនអាចអត់ឱនឱ្យបានដូច្នេះសោះ»៕