(វ៉ាស៊ីនតោន)៖ បេក្ខនារីប្រធានាធិបតីអាមេរិកឆ្នាំ២០២០ មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Tulsi Gabbard បាននិយាយថាលោក ដូណាល់ ត្រាំ កំពុងរុញច្រានឱ្យសហរដ្ឋអាមេរិកធ្វើសង្រ្គាម ជាមួយអ៉ីរ៉ង់ តាមរយៈការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ឆ្នាំ២០១៥។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។
លោកស្រី Tulsi Gabbard ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS កាលពីថ្ងៃសៅរ៍ ដោយបន្ថែមថាសង្រ្គាមជាមួយអ៉ីរ៉ង់ នឹងបង្កជាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរចំពោះ សហរដ្ឋអាមេរិក ជាងសង្រ្គាមជាមួយអ៉ីរ៉ាក់ទៅទៀត។ លោកស្រី Gabbard បានគូសបញ្ជាក់ដូច្នេះ ថា៖ «ខ្ញុំគិតថាវាជាកំហុសឆ្គងមួយដែលលោក ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ ដែលជាវិធានការមួយជួយបង្កាសង្រ្គាម...ហើយអ្វីដែលរដ្ឋបាលលោក ត្រាំ កំពុងធ្វើ គឺជារឿងគ្រោះថ្នាក់បំផុត និងរុញច្រានឱ្យសហរដ្ឋអាមេរិកខិតកាន់តែជិតសង្រ្គាមជាមួយអ៉ីរ៉ង់»។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ អ៉ីរ៉ង់បានប្រកាសចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យ លើសពី៣.៦ភាគរយក្នុងរយៈពេលខ្លី ដែលជាកម្រិតមួយត្រូវបានដាក់កំហិតនៅក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥។ បន្ថែមពីលើនេះ ទីក្រុងតេហេរ៉ង់ ក៏នឹងកាត់បន្ថយ ឬក៏លុបចោល ការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជារៀងរាល់៦០ថ្ងៃម្ដង ផងដែរ បើទោះជា ធ្លាប់មានការព្រមានពីលោក ដូណាល់ ត្រាំ ក៏ដោយ៕