Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍៖ ​ត្រឹមតែ២ខែ! ជនស៊ីវិល ៥៤៤នាក់ស្លាប់ ក្នុងប្រតិបត្តិការយោធាដឹកនាំដោយ រុស្ស៊ី និងកងទ័ពស៊ីរី

07-07-2019 11:41

(ស៊ីរី)៖ ជនស៊ីវិលយ៉ាងហោចណាស់ ៥៤៤នាក់ ត្រូវបានសម្លាប់ និងច្រើនជាង ២,០០០នាក់ផ្សេង ទៀតរងរបួស ចាប់តាំងរុស្ស៊ី និងកងទ័ពស៊ីរី ដឹកនាំប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ប្រឆាំង មូលដ្ឋានចុងក្រោយរបស់ក្រុមឧទ្ទាម ស្ថិតនៅភាគពាយព្យនៃប្រទេសស៊ីរី ក្នុងរយៈពេល២ខែ កន្លងទៅនេះ។ នេះបើ​តាមអង្គការសិទ្ធិមនុស្សស៊ីរី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។

យន្ដហោះចម្បាំងរុស្ស៊ី បានចូលរួមជាមួយកងទ័ពរដ្ឋាភិបាលស៊ីរី ក្នុងការដឹកនាំប្រតិបត្តិការវាយលុក ទ្រង់ទ្រាយធំ ចាប់តាំងពីថ្ងៃទី២៦ ខែមេសាកន្លងទៅ លើមូលដ្ឋានចុងក្រោយរបស់ក្រុមឧទ្ទាមស៊ីរី នៅក្នុងខេត្ត Idlib និងខេត្ត Hama។ រីឯ អង្គការបណ្ដាញស៊ីរី ដើម្បីសិទ្ធិមនុស្ស (SNHR) ក៏បានឱ្យដឹងដែរថា ជនស៊ីវិល៥៤៤នាក់ ក្នុងនោះមាន កុមារ១៣០នាក់ ត្រូវបានសម្លាប់ និង ២,១១៧នាក់ រងរបួសនៅក្នុងប្រតិបត្តិការយោធារួមគ្នានេះ។

ដោយឡែក ជុំវិញរបាយការណ៍នេះដែរ ប្រធានអង្គការ SNHR លោក Fadel Abdul Ghany បានចោទប្រកាន់ត្រង់ៗតែម្ដងថាយោធារុស្ស៊ី និងកងទ័ពស៊ីរីមានចេតនាវាយប្រហារលើជនស៊ីវិល។ លោក Ghany បានគូសបញ្ជាក់ដូច្នេះថា៖ «យោធារុស្ស៊ី និងកងទ័ពរដ្ឋាភិបាលស៊ីរីជាសម្ព័ន្ធមិត្ត មានចេតនាដាក់ជនស៊ីវិលជាគោលដៅរបស់ខ្លួន ដោយពួកគេបានវាយប្រហារទម្លាក់គ្រាប់បែកលើ ហេដ្ឋារចនាសម្ព័ន្ធនៃមន្ទីរពេទ្យជាច្រើន នៅក្នុងតំបន់»។ ប៉ុន្តែ ខាងយោធារុស្ស៊ី និងស៊ីរី បានទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់បែបនេះ។

គួរបញ្ជាក់ថា ខេត្ត Idlib និងខេត្ត Hama គឺជាសមរភូមិប្រយុទ្ធធំចុងក្រោយបំផុតមួយរវាង កងទ័ពរដ្ឋាភិបាលស៊ីរីគាំទ្រដោយរុស្ស៊ី និងក្រុមឧទ្ទាមស៊ីរី ដែលមានសហរដ្ឋអាមេរិក ជាអ្នកផ្ដល់ ជំនួយ និងការគំាទ្រនានា។ បច្ចុប្បន្ន ទឹកដីស៊ីរីមួយភាគធំ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលនៃប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ៕