បែកធ្លាយ! អគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក ចាត់ទុកលោក ដូណាល់ ត្រាំ ជា«មនុស្សគ្មានសមត្ថភាព» (Video inside)
07-07-2019 10:26
(វ៉ាស៊ីនតោន)៖ អគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក លោក Kim Darroch បានហៅ និងចាត់ទុកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជា«មនុស្សគ្មានសមត្ថភាព និងភាពប្រាកប្រជា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។
សារព័ត៌មាន CNN ផ្អែកលើប្រភពទទួលបានពីក្រុមមន្ត្រីអង់គ្លេស បានឱ្យដឹងទៀតថាលោក Darroch លើកឡើងបែបនេះនៅក្នុងសារសំងាត់ជាច្រើន ចុះកាលបរិច្ឆេទឆ្នាំ២០១៧ រហូតមក ទល់នឹងបច្ចុប្បន្ន ដែលត្រូវបានផ្ញើចេញពីសហរដ្ឋអាមេរិក ទៅកាន់ក្រសួងការបរទេសអង់គ្លេស។
បន្ថែមពីលើនេះ នៅក្នុងសារទាំងនោះទៀតសោត អគ្គរាជទូតអង់គ្លេសរូបនេះក៏បានព្រមាន ថ្នាក់ដឹកនាំរបស់ខ្លួនផងដែរថា ការងារទាំងឡាយរបស់លោក ត្រាំ នឹងបញ្ចប់ទៅដោយ ភាពអាម៉ាស់ រីឯជម្លោះនៅក្នុងសេតវិមាន ត្រូវបានលោកផ្ទាល់ចាត់ទុកថាគឺជាការប្រយុទ្ធដោយ កូនកាំបិត លួចចាក់គ្នាទៅវិញទៅមក។
យ៉ាងណាក៏ដោយ ទាំងសេតវិមានអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលអង់គ្លេស មិនទាន់ បញ្ចេញប្រតិកម្មណាមួយ ជុំវិញសេចក្ដីរាយការណ៍របស់ CNN នៅឡើយទេ ខណៈគេរំពឹងថា ការបែកធ្លាយនេះអាចនឹងធ្វើប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕