(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានឱ្យដឹងថាលោក និងប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី បានឯកភាពគ្នាក្នុងការស្វែងរកលក្ខខណ្ឌនានា ដើម្បីរៀបចំកិច្ចសន្ទនាពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ឡើងវិញ នៅថ្ងៃទី១៥ ខែកក្កដានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ (ម៉ោងនៅប៉ារីស) ខុទ្ទការល័យរបស់ លោក ម៉ាក្រុង បានបញ្ជាក់ទៀតថា ការឯកភាពគ្នាខាងលើធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាម ទូរស័ព្ទជាមួយលោក រូហានី។ ប៉ុន្តែទន្ទឹមគ្នា ទីក្រុងប៉ារីស ក៏បានព្រមានអ៉ីរ៉ង់ផងដែរពីផលវិបាក ធ្ងន់ធ្ងរ បើសិនជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ត្រូវបានបំផ្លាញ។
គួរជម្រាបថា កាលពីសប្ដាហ៍មុន អ៉ីរ៉ង់បានចាប់ផ្ដើមចម្រាញ់ និងស្តុកទុកសារធាតុអ៊ុយរ៉ាញ៉ូម លើសកម្រិតឡើងវិញ ដែលមានកំណត់នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាការឆ្លើយតបទៅ នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្រោយដកខ្លួនលោក ត្រាំ ប្រកាសដកខ្លួនចេញពី កិច្ចព្រមព្រៀងនេះ៕